(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុង ទៅលើការលើកឡើង របស់លោក Jean-Gaetan GUILLEMAUD ប្រធានគណៈកម្មាធិការសុខុមាលភាព នៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុន Zuelling Pharma ប្រចាំកម្ពុជា ដែលបានថ្លែងថា ប្រជាជនកម្ពុជាម្នាក់ ស្លាប់ដោយសារឱសថក្លែងក្លាយ ក្នុងរយៈពេលរៀងរាល់៤ម៉ោង និងមានរហូតដល់៥ដង បើធៀបនឹងអ្នកស្លាប់ដោយប្រើប្រាស់គ្រឿងញៀន, នេះគឺជារឿងមិនពិត ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះទៀតថា «ក្រសួងសុខាភិបាល សូមប្រកាសជម្រាបជូន ដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា ក្រសួងសូមធ្វើការច្រានចោលទាំងស្រុង លើកករណីដែលខាងសភាពាណិជ្ជកម្មអឺរ៉ុបបានលើកឡើងថា កម្ពុជាម្នាក់ ស្លាប់ដោយសារឱសថក្លែងក្លាយ ក្នុងរយៈពេលរៀងរាល់៤ម៉ោង និងមានរហូតដល់៥ដង បើធៀបនឹងអ្នកស្លាប់ដោយប្រើប្រាស់គ្រឿងញៀន នៅឯសន្និសីទសារព័ត៌មានថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ» ។
ទន្ទឹមនឹងនោះ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានឲ្យដឹងទៀតថា នាយកដ្ឋានឱសថ គ្រឿងសម្អាង ចំណីអាហារនិងបរិក្ខារពេទ្យរបស់ក្រសួងសុខាភិបាល បានជួបពិភាក្សាលើព័ត៌មានមិនត្រឹមត្រូវគ្មានមូលដ្ឋានច្បាស់លាស់នេះ ហើយបានស្នើសុំឲ្យប្រធានសភាពាណិជ្ជកម្មអឺរ៉ុប លោក Blaire Killian និងលោក Jean-Gaetan GUILLEMAUD ប្រធានគណៈកម្មាធិការសុខុមាលភាព នៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុន Zuelling Pharma ប្រចាំកម្ពុជា ធ្វើការកែតម្រូវនូវព័ត៌មាននេះឡើងវិញ ។
ជាការឆ្លើយតប របស់ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប លោកទទួលស្គាល់ថា ព័ត៌មានដែលបានលើកឡើងក្នុងកិច្ចពិភាក្សាសារព័ត៌មាន ស្តីពី «ធុរកិច្ច និងការទទួលខុសត្រូវផ្នែកសង្គម» កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ គឺពិតជាមិនត្រឹមត្រូវមែន ហើយលោកនឹងធ្វើការកែសម្រួលនូវខ្លឹមសារខាងលើនេះ ឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ៕