(កំពង់ចាម)៖ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ក្នុងរយៈពេលមួយថ្ងៃពេញនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបចំវេទិកាសាធារណៈ ដែលមានប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ចំនួនជាង១០០០នាក់ នៃស្រុកស្រីសន្ធរ ដើម្បីដោះស្រាយឲ្យអស់កង្វល់អំពីការបាក់ច្រាំងទន្លេ ដែលកន្លងមកតែងតែមានការលើកឡើងថា មកពីការធ្វើអាជីកម្មបូមខ្សាច់ក្នុងតំបន់នោះ។
លោកអភិបាលខេត្ត បានថ្លែងថា ចាប់តាំងពីលោកទទួលភារកិច្ច មកធ្វើជាអភិបាលខេត្តកំពង់ចាម បានឆ្លងកាត់រដូវវស្សា២រដូវមកហើយ ដែលក្នុងនោះ លោកបានចូលរួមធ្វើការងារ ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយការបាក់ច្រាំងទន្លេនេះ។ លោកថា រៀងរាល់ឆ្នាំអាជ្ញាធរខេត្ត តែងតែបានចុះទៅពិនិត្យកន្លែង ដែលមានការបាក់ច្រាំងនៅតាមដងទន្លេ មានដូចជា ស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម ស្រុកកងមាស ស្រុកកោះសូទិន្ទ និងស្រុកស្រីសន្ធរ ហើយមកដល់ពេលនេះ ដោយផ្អែកទៅលើបាក់ច្រាំងទន្លេបែបនេះ នៅរដ្ឋបាលខេត្តក៏បានរៀបចំក្រុមការងារ ដើម្បីសិក្សាស្រាវជ្រាវ។
លោកបានគូសបញ្ជាក់ថា ដងទន្លេតែងតែមានការបាក់ច្រាំងទន្លេជារៀងរាល់ឆ្នាំ។ លោកថា គ្រប់ការបាក់ច្រាំងទន្លេ មិនមែនសុទ្ធតែបណ្តាលមកពីការធ្វើអាជីវកម្មបូមខ្សាច់ទេ តែបណ្តាលមកពីធម្មជាតិផងដែរ មានន័យថា បើត្រើយម្ខាងនោះបាក់ ត្រើយម្ខាងនេះដុះ ដែលបណ្តាលមកពីស្ថានភាពដងទន្លេវៀចកោង ធ្វើឲ្យចរន្តទឹកហូរបុកខ្លាំងចំកន្លែងណា វានឹងមានការបាក់ច្រាំងនៅកន្លែងនោះ។
លោក គួច ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា «ដូចជានៅស្រុកស្ទឹងត្រង់ មិនដែលមានអាជីកម្មបូមខ្សាច់នៅតំបន់នោះទេ ចុះហេតុអ្វី បានច្រាំងទន្លេនៅទីនោះបាក់ដែរ? នេះជាហេតុផលប្រាកដណាស់ថា ដោយសារតែស្ថានភាពទន្លេ មានសភាពកោង បត់បែន ដែលធ្វើឲ្យខ្សែទឹកហូរ បុកខ្លាំងចំជ្រុងណា ជ្រុងនោះនឹងមានការបាក់ច្រាំងតែម្តង រីឯជ្រុងម្ខាងទៀតគឺដុះ នេះជាស្ថានភាពពិតនៃដងទន្លេរបស់យើង»។
លោកបានបន្តថា «ដូច្នេះដើម្បីសម្រួលកុំឲ្យការបាក់នោះវាធ្ងន់ធ្ងរ យើងត្រូវធ្វើយ៉ាងម៉េច ឲ្យចំណុចកណ្តាលទន្លេមានទឹកជ្រៅ ហូរបានខ្លាំង ទឹកនឹងមិនបុកខ្លាំង ទៅខាងច្រាំងទន្លេនោះទេ។ នេះជាបច្ចេកទេស ដែលខាងមន្ត្រីជំនាញបច្ចេកទេសមកពីក្រសួងរ៉ែ និងថាមពល បានធ្វើបទបង្ហាញ និងពន្យល់អំពីបច្ចេកទេសដើម្បីកាត់បន្ថយពីការបាក់ច្រាំងទន្លេ»។
បើតាមលោកអភិបាលខេត្ត ទន្ទឹមនឹងមានការបាក់ច្រាំងទន្លេក្នុងកំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ ក្រុមការងារអាជ្ញាធរខេត្ត ក៏បានចុះទៅជួយរុះរើ ផ្ទះប្រជាពលរដ្ឋដែលប្រឈមនឹងការបាក់ច្រាំងទន្លេ ដើម្បីបញ្ចៀសពួកគាត់ ឲ្យរួចផុតពីការគ្រោះថ្នាក់ ដោយការបាក់ច្រាំងទន្លេនេះ។ ជាមួយនឹងបញ្ហាគ្រោះធម្មជាតិនេះ អាជ្ញាធរខេត្ត បានរៀបចំកិច្ចការសង្គមកិច្ចជាមួយអ្នក ដែលរងគ្រោះ ហើយមកដល់ពេលនេះ តាមស្ថិតិមានប្រជាពលរដ្ឋប្រឈមរងគ្រោះ ដោយបាក់ច្រាំងទន្លេជាង២០គ្រួសារមកហើយ។
នៅឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋចំនួន១៣៤គ្រួសារ នៅទូទាំងខេត្តកំពង់ចាម បានបាក់ស្រុតផ្ទះសម្បែងចូលទៅក្នុងទន្លេ និងបានរុះរើទៅកាន់កន្លែងថ្មី ហើយបញ្ហាទាំងនោះ អាជ្ញាធរខេត្តកំពុងរិះរកវិធីដើម្បីជួយពួកគាត់ ឲ្យមានលំនៅដ្ឋានថ្មីជាបន្តបន្ទាប់។ ដោយឡែក ចំពោះប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការបាក់ច្រាំង នៅឆ្នាំ២០១៩ លោកបានណែនាំរួចហើយ ដើម្បីឲ្យពួកគាត់ ធ្វើការសម្រេចចិត្តក្នុងការរុះរើទៅរកទីកន្លែងថ្មី ព្រោះការបាក់ច្រាំងនេះ គ្មានវិធីបញ្ឈប់បានទេ ព្រោះវាកើតមានតាំងទីដូនតា មកហើយ។
លោក គួច ចំរើន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «រឿងដែលត្រូវដោះស្រាយ គឺមានតែប្រមូលផ្តុំបងប្អូន ឲ្យរួមគ្នាគិតទាំងអស់គ្នាជាក្រុមថា បើពួកគាត់ជួបហេតុការដូច្នេះ តើពួកគាត់នឹងនាំគ្នាទៅរស់នៅទីណា ដើម្បីអាជ្ញាធរខេត្ត នឹងរៀបចំ ភូមិដ្ឋានសារជាថ្មីឡើងវិញ»។
លោកបន្តថា «អាជ្ញាធរខេត្ត ក៏មានបដិភាគជាមួយបងប្អូន តាមរបៀបនៃការជួយរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងសេចក្តីត្រូវការ ដូចជា ផ្លូវផ្នល់ បណ្តាញទឹក បណ្តាញអគ្គិសនី ឬក៏សាលារៀន និងសេវាផ្សេងៗមួយចំនួនទៀត សម្រាប់ឲ្យបងប្អូនបានប្រើប្រាស់សារជាថ្មីឡើងវិញ ដើម្បីឈប់មានការគម្រាមកំហែង ពីបញ្ហាបាក់ច្រាំងទន្លេនេះបន្តទៀត»៕