(ភ្នំពេញ)៖ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍវិស័យទេសចរណ៍ នៅតាមតំបន់ឆ្នេរប្រកបដោយនិរន្តរភាព និងគុណភាពនៅតាមបណ្តាមូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា​ ឱ្យបានល្អប្រសើរ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ឱ្យគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ដែលនៅបណ្តាខេត្តជាប់មាត់សមុទ្រ ត្រូវតែមានអាងព្រឹត្តិកម្មទឹកកខ្វក់ បង្គន់អនាម័យ បណ្តាញលូ ស្របទៅតាមមុខងារប្រើប្រាស់នៃអាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

បើយោងតាមសារាចរណែនាំរបស់ក្រសួងទេស​ចរណ៍ដែលបណ្តាញព័ត៌មាន Fersh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នេះ បានឱ្យដឹងទៀតថា ក្រសួងទេសចរណ៍សូមធ្វើការណែនាំវិធានការអនុវត្តមួយចំនួនដូចជា៖

*ទី១៖ រាល់ការស្នើរសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មី ឫបន្តអាជ្ញាប័ណ្ណទេសចរណ៍ ប្រតិបត្តិករជាម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍នៅតាមតំបន់ឆ្នេរកម្ពុជា ត្រូវរៀបចំឱ្យមានអាងព្រឹត្តិកម្មទឹកកខ្វក់ បង្គន់អនាម័យ បណ្តាញលូ ស្របទៅតាមមុខងារប្រើប្រាស់នៃអាជីវកម្ម និងបទដ្ឋានបច្ចេកទេស​សំណង់។

*ទី២៖ សម្រាប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដែលពុំមានអាងព្រឹត្តិកម្មទឹកកខ្វក់ បង្គន់អនាម័យ បណ្តាញលូ ត្រូវរួសរាន់សុំកិច្ចសហប្រតិបត្តិការណ៍ ពិគ្រោះយោបល់ជាមួយមន្ទីទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា​ ឫនាយកដ្ឋានគ្រប់គ្រងសេវាកម្ម ស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ ដើម្បីរៀបចំឱ្យមានអាងព្រឹត្តិកម្មទឹកកខ្វក់ បង្គន់អនាម័យ និងបណ្តាញលូ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០១៨៕

ខាងក្រោមនេះជាសារាចរណែនាំរបស់ក្រសួងទេសចរណ៍៖