(ភ្នំពេញ)៖ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញការឈឺចាប់ និងហួសចិត្តខ្លាំង ចំពោះមនុស្សមួយក្រុមដែលលោកហៅថា ជាក្រុមមនុស្ស «ឈ្នះបានដី ចាញ់បានលុយ» ប្រមាណ ៤-៥នាក់ កំពុងនាំគ្នាប្រើល្បិចសាច់កម្មដណ្តើមយកដីរបស់លោកទំហំជាង ១ហិកតា ស្ថិតនៅក្នុងឃុំបិតត្រាំង ខេត្តព្រះសីហនុ។
លោក សូ ម៉ារ៉ា បានលើកឡើងថា ដីជាង ១ហិកតានេះ ជាកម្មសិទ្ធិរបស់លោកមានប្លង់រឹង ដែលបានទិញពីម្ចាស់ដើមឈ្មោះ រស់ ទៀត តាំងពីឆ្នាំ ២០០៨មកម្ល៉េះ។ មិនត្រឹមប៉ុណ្ណោះលោក បានធ្វើរបងពទ្វ័ជុំវិញផង។
លោក បានលើកឡើងថា ស្រាប់តែរយៈប៉ុន្មានខែចុងក្រោយនេះ ពេលដែលលោករវល់ជាមួយការងារមិនបានទៅមើល ស្រាប់តែមានមនុស្ស ៤-៥នាក់ បានចេញមកយំស្រែកបង្ហោះតាមបណ្តាញសង្គម Facebook ថាជនរងគ្រោះត្រូវរូបលោករំលោភយកដី។
លោក សូ ម៉ារ៉ា បានព្រមានចាត់វិធានការតាមច្បាប់ចំពោះមនុស្សមួយក្រុមនេះ ប្រសិនបើពួកគេមិនបញ្ឈប់សកម្មភាពដណ្តើមដីរបស់លោកទាំងមិនមានឯកសារច្បាស់លាស់ទេនោះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះ «អស្ចារ្យណាស់ សូមប្អូន ឬក្មួយមេត្តា បញ្ឈប់សកម្មភាពបែបនេះទៅ ព្រោះប្រទេសយើងមានច្បាប់។ ក្នុងមួយជីវិតខ្ញុំនេះខ្ញុំបាទ និងក្រុមគ្រួសារសាងតែធ្វើអំពើល្អ ធ្វើបុណ្យដាក់ទាន សាងសង់សាលារៀន ជីកអណ្តូងទឹក ហើយតែងមានទឹកចិត្តករុណាមេត្តាធម៌ ដល់ប្រជាជនស្លួតត្រង់។ ខ្ញុំសង្ឃឹមថា ប្អូន ឬក្មួយ នឹងស្ថិតនៅក្នុងចំណោមប្រជាជនស្លូតត្រង់ ដែលគួរឲ្យអាណិតស្រឡាញ់។ ចូរកុំភ្លេចថា ឈានមួយជំហានទៀត ក្មួយ ឬប្អូនត្រូវទទួលខុសត្រូវមុខច្បាប់ហើយ ពេលនោះប្អូន ឬក្មួយជាអ្នកដែលដឹងច្បាស់ជាងគេ អ្វីដែលនឹងកើតឡើង?»។
ជាមួយការព្រមានឲ្យមនុស្សក្រុមនេះបញ្ឈប់ធ្វើសកម្មភាពលោក សូ ម៉ារ៉ា ក៏បានបង្ហាញឯកសារជាច្រើនពាក់ព័ន្ធនឹងការទិញដីខាងលើ ប្លង់កម្មសិទ្ធិ ព្រមទាំងលិខិតសុំច្បាប់ផ្សេងៗ ដើម្បីរបងព័ទ្ធជុំវិញដីរបស់ខ្លួនផងដែរ។ តាមរយៈឯកសារទាំងនេះ គឺបានបង្ហាញឲ្យឃើញពីភាពភាពស្របច្បាប់ជាម្ចាស់កម្មសិទ្ធិក្នុងការគ្រប់គ្រងលើនេះ៕