(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣០ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពី សិក្ខាកាមអាចារ្យ១៥៥រូប លោកទេសរដ្ឋមន្រ្តី ហ៉ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានសង្ឃឹមយ៉ាងមុតមាំថា អាចារ្យខ្មែរយើង នឹងប្រព្រឹត្តអំពើជាប្រយោជន៍យ៉ាងខ្លាំងដល់សង្គម ទាំងការអប់រំឬការប្រៀនប្រដៅកូនចៅ តាមគន្លងធម៌ព្រះពុទ្ធសាសនា។
លោក ហ៉ឹម ឆែម បានថ្លែងថា សមិទ្ធផលទាំងឡាយដែលនឹងកើតចេញពីវគ្គបណ្តុះបណ្តាលនេះ គឺមិនត្រឹមតែជាមោទនភាព និងជាប្រយោជន៍សម្រាប់តែសិក្ខាកាមផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពរបស់សង្គមជាតិទាំងមូលដែរ ដោយយើងនឹងទទួលបាននូវធនធានអាចារ្យបន្ថែមទៀត ដែលមានចំណេះដឹងត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណ សម្រាប់ចូលរួមចំណែក និងជួយជំរុញដំណើរការអភិវឌ្ឍសង្គម ដោយរក្សាបាននូវវប្បធម៌ដ៏ផូរផង់ និងអត្តសញ្ញាណជាតិរបស់យើង។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈវគ្គបណ្តុះបណ្តាលនេះខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា សិក្ខាកាមរបស់យើងនឹងប្រព្រឹត្តនូវអំពើទាំងឡាយ ដែលជាប្រយោជន៍ដល់សង្គម ដែលក្នុងនោះរួមទាំងការអប់រំ ឬការប្រៀនប្រដៅកូនចៅដើម្បីពត់ចិត្ត គំនិត មនោសញ្ចេតនា ឱ្យស្គាល់យល់ដឹងពីតម្លៃនៃសីលធម៌ដ៏ខ្ពង់ខ្ពស់ ដែលជាកេរមរតកពីដូនតា និងការប្រព្រឹត្តទៅតាមគន្លងធម៌ នៃព្រះពុទ្ធសាសនា របស់យើងផងដែរ»។
លោកទេសរដ្ឋមន្រ្តី ហ៉ឹម ឆែម បានថ្លែងបន្តថា បុព្វបុរសខ្មែរបានបន្សល់ទុកមរតកដ៏មានតម្លៃជាច្រើន ផ្នែកវប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់ ដែលធ្វើឱ្យពិភពលោកមានការស្ងើចសរសើរ និងទទួលស្គាល់ពីស្នាដៃរបស់ខ្មែរ។ ដូច្នេះ ការដែលទាំងអស់គ្នាអនុវត្តនូវពិធីកម្មផ្សេងៗ មានការខុសឆ្គងផ្ទុយពីក្បួនច្បាប់ពីបុរាណ គឺជាការបង្ខូចនូវតម្លៃ និងអត្តសញ្ញាណរបស់ជាតិខ្លួនឯង។
លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់សម្បូរបែប ហើយមានប្រជាជន ជាជនជាតិមួយមានវ័យចំណាស់យូរលង់ណាស់មកហើយ នៅក្នុងតំបន់ផងដែរ។ ដូច្នេះរាល់ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាក្តី តាមបែបទំនៀមទម្លាប់ក្តី បុរាណាចារ្យក្តីចាំបាច់ទាមទារឱ្យមានអ្នកចេះដឹង ដែលហៅថាអាចារ្យ ជាអ្នកជួយដឹកនាំដល់ សាធារណជន ឱ្យអនុវត្តន៍មានភាពត្រឹមត្រូវ មានគោលឯកភាពមួយ។
បើតាមលោកទេសរដ្ឋមន្រ្តី ហ៉ឹម ឆែម ក្នុងនាមជាអ្នកដឹកនាំកិច្ចពិធីផ្សេងៗ ត្រូវធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាបានបន្សល់ទុកឱ្យ ហើយការអនុវត្តនោះសោតទៀត ត្រូវស្របគ្នាពីតំបន់មួយទៅតំបន់មួយ ចៀសវាងការអនុវត្តផ្ទុយគ្នា នាំឱ្យកើតមានជាទំនាស់ក្នុងការប្រារព្ធពិធី ដែលបណ្តាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ និងធ្វើឱ្យមានការចម្លងអនុវត្តខុសតៗគ្នាបន្តទៀត៕