(ថៃ)៖ ចិន និងថៃ បានចុះអនុស្សារណៈយោគយល់មួយ ដើម្បីអភិវឌ្ឍសហប្រតិបត្តិការ លើគម្រោងធនធានទឹកផ្សេងៗ ដែលស្ថិតក្រោមមូលនិធិពិសេស នៃសហប្រតិបត្តិការទន្លេឡានឆាងមេគង្គ។ ពិធីចុះអនុស្សារណៈនេះ បានធ្វើឡើងនៅឯទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
អគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក លីយូ ចៀន និង រដ្ឋលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងធនធានទឹក និងបរិស្ថានថៃ លោក វីចាម ស៊ីម៉ាឆៃយ៉ា បានចុះអនុស្សារណៈយោគយល់នេះ។ អ្នកតំណាងមកពីប្រទេស ជាសមាជិកនៃសហប្រតិបត្តិការទន្លេឡានឆាងមេគង្គ ក៏បានចូលរួមក្នុងពិធីនេះដែរ។
ក្នុងន័យផ្សព្វផ្សាយឲ្យកាន់តែសុះសាយនូវគោលគំនិត «កសាងសហគមន៍មួយ ដែលមានអនាគតរួបរួមគ្នាសម្រាប់មនុស្សជាតិ» សហប្រតិបត្តិការទន្លេឡានឆាងមេគង្គ គឺជាយន្តការសហប្រតិបត្តិការថ្នាក់អនុតំបន់មួយ ដែលតភ្ជាប់ប្រទេសចំនួន៦ ដែលនៅជាប់ទន្លេនេះ ដែលមានដូចជាកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ទស្សនៈវិស័យនៃយន្តការនេះ គឺចង់ចូលរួមជំរុញ ដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមរបស់អនុតំបន់នេះ។
ដោយមានប្រភពដើមហូរចេញ ពីតំបន់ឈីងហាយទីបេ នៅប៉ែកនិរតីប្រទេសចិន ទន្លេនេះមានឈ្មោះថា ឡានឆាង នៅផ្នែកដែលស្ថិតនៅក្នុងប្រទេសចិន។ ចំណែកឯផ្នែក ដែលស្ថិតនៅតាមប្រទេសទាំង៥ផ្សេងទៀត ទន្លេនេះ មានឈ្មោះថា ទន្លេមេគង្គ ដោយវានឹងរំលាយខ្លួនចូល ទៅក្នុងសមុទ្រចិនខាងត្បូង។ សហប្រតិបត្តិការទន្លេឡានឆាងមេគង្គ ផ្តោតសំខាន់ទៅលើការងារតភ្ជាប់ទំនាក់ទំនង សមត្ថភាពផ្នែកផលិតកម្ម សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងប្រទេស ការងារគ្រប់គ្រងធនធានទឹក កសិកម្ម និងការងារកាត់បន្ថយភាពក្រីក្រ។
ក្រោយពីបានបង្កើតយន្តការនេះឡើង គេបានសម្រេចលទ្ធផលជាផ្លែផ្កាជាច្រើន លើការងារគ្រប់គ្រងធនធានទឹក។ តាមរយៈគណៈកម្មាធិការទន្លេមេគង្គ ប្រទេសចិនបានផ្តល់ព័ត៌មានអំពីទឹកទន្លេនេះ ជាបន្តបន្ទាប់ ជូនដល់តំបន់ទាំងឡាយ ដែលស្ថិតនៅផ្នែកខាងក្រោមនៃទន្លេ នៅអំឡុងរដូវទឹកជោរ អស់រយៈពេល១៦ឆ្នាំមកហើយ។
បើគិតមកដល់បច្ចុប្បន្ន យន្តការសហប្រតិបត្តិការទន្លេឡានឆាងមេគង្គ បានបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក មជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន ទន្លេឡានឆាងមេគង្គ និងមជ្ឈមណ្ឌលសិក្សា ទន្លេមេគង្គសកល ដើម្បីការពារធនធានទឹក និងបរិស្ថាន។ នៅឯពិធីចុះអនុស្សារណៈ មូលនិធិពិសេសនៃយន្តការសហប្រតិបត្តិការទន្លេឡានឆាងមេគង្គ នឹងត្រូវប្រើប្រាស់លើប្រព័ន្ធធារាសាស្ត្រសម្រាប់កសិកម្ម នៅក្នុងប្រទេសថៃ ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាក់ស្តែង ជូនដល់កសិករនៅមូលដ្ឋាន។ នេះបើយោងតាមលោក វីចាម ស៊ីម៉ាឆៃយ៉ា។
លោក វីចាម ស៊ីម៉ាឆៃយ៉ា រដ្ឋលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងធនធានទឹក និងបរិស្ថានថៃ បាននិយាយថា «ក្រោយពីចុះអនុស្សារណៈយោគយល់នេះទៅ យើងនឹងចាប់ផ្តើមអនុវត្តកម្មវិធីនេះ ជាពិសេសគឺទៅលើវិស័យ ដែលមានប្រព័ន្ធអេកូឡូហ្ស៊ីដែលងាយរងគ្រោះតែម្តង។ ពួកយើងនឹងរួមគ្នាខិតខំអភិវឌ្ឍគុណភាពទឹក និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»៕(សារព័ត៌មាន CCTV របស់ចិន)