(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោក លោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ មេភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន០៤ខ្សែ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៨ ប្រវែងសរុប១,៣៦៨ម៉ែត្រ ស្ថិតក្នុងសង្កាត់រលួស សង្កាត់គងនយ និងសង្កាត់ទៀន។
ផ្លូវបេតុងទាំង០៤ខ្សែ រួមមាន៖ ខ្សែទី១៖ប្រវែង៥៣៦ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិកណ្តាល សង្កាត់រលួស, ខ្សែទី២៖ប្រវែង២៩៥ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិត្រពាំងសំរឹត សង្កាត់គងនយ, ខ្សែទី៣៖ប្រវែង១១៦ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិថ្មី សង្កាត់ទៀន និងខ្សែទី៤៖ប្រវែង៤២១ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិក្រាំងក្រូច សង្កាត់ទៀន។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានលើកឡើង អំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានគិតគូរអំពីការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក នុត ពុធដារ៉ា បានធ្វើការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ការអភិវឌ្ឍ និងសុខសន្តិភាព។
លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ក្រុមហ៊ុនសូមយកចិត្តទុកដាក់អនុវត្តគម្រោងរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ជាមួយគ្នាក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ និងលូ ដើម្បីឲ្យផ្លូវ លូនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង៕