(ភ្នំពេញ)៖ រថភ្លើងធន់ស្រាលស៊េរីទំនើបចំនួន ៣គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បញ្ជាទិញពីប្រទេសម៉ិចស៊ីកូ ត្រូវបានដឹកតាមកប៉ាល់ឆ្ពោះមកកាន់ប្រទេសកម្ពុជាហើយ ហើយនឹងមកដល់ប្រទេសកម្ពុជានៅចុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Royal Railway Cambodia។
រថភ្លើងទាំង ៣គ្រឿងនេះ នឹងយកមកប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរពីស្ថានីយ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រថភ្លើងទាំង៣គ្រឿងនេះ មានភាពទំនើបជាងរថភ្លើងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយរត់បានល្បឿនលឿនពោលចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះពីស្ថានីយ ទៅព្រលានយន្តហោះ។
រថភ្លើងនេះ មានក្បាលម៉ាស៊ីនចំនួនពីរ មុខមួយ និងក្រោយមួយ, មានបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ មានកៅអីដូចកៅអីក្នុងយន្តហោះ ដែលអាចបត់បែន និងកែតម្រូវទៅតាមចិត្ត, មានបន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារស្វ័យប្រវត្តិ និងកន្លែងដាក់ឥវ៉ាន់នៅខាងលើអ្នកដំណើរ និងមាន Wifi ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ។
សូមបញ្ជាក់ថា ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ កាលពីថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ Royal Railway Cambodia បានដាក់ឲ្យដំណើរការរថភ្លើងធុនស្រាលដឹកអ្នកដំណើរពីស្ថានីយនៅក្នុងសង្កាត់ស្រះចក ចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិតែម្តង។
ការដាក់ឲ្យដំណើរខ្សែរថភ្លើងនេះ ទទួលបានការគាំទ្រច្រើនពីអ្នកធ្វើដំណើរ។ តែក៏មានបញ្ហាច្រើនផងដែរនាពេលកន្លងមក ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ បង្កសំឡេងរំខាន និងដីហ៊ុយផ្សេងៗជាដើមសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្តោយផ្លូវរថភ្លើងដែលសាងសង់នៅលើថ្នល់នោះ។
រថភ្លើងថ្មី៣គ្រឿង ដែលបញ្ជាទិញពីប្រទេសម៉ិចស៊ីកូ ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកដោះស្រាយបញ្ហាទាំងអស់នេះ ព្រោះតែរថភ្លើងថ្មីនេះមានភាពទំនើប ស្រាល ហើយចាប់ហ្រ្វាំងបានប្រសើរជាងរថភ្លើងកំពុងប្រើនាពេលបច្ចុប្បន្ន៕