(ហ្វីលិពីន)៖ កិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​លើកទី១០ កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើកទី៧៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ​ទទួលបន្ទុកការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាតំណាងមកពីប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាដៃគូសន្ទនាអាស៊ានផងដែរ ដោយឡែក តំណាងព្រះរាជាណាចក្រកម្ពុជាមាន លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជារដ្ឋមន្ត្រីទទួលបន្ទុក​វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងក្របខណ្ឌអាស៊ាន បានដឹកនាំប្រតិភូកម្ពុជាមកពីក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលជាក្រុមការងារ របស់គណៈកម្មាធិការជាតិសម្រាប់ កិច្ចសហប្រតិបត្តិការអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ។

គោលបំណងនៃកិច្ចប្រជុំខាងលើនេះគឺដើម្បី​៖
-​ពិនិត្យ និងអនុម័តទៅលើលទ្ធផលការងារ ទិសដៅ និងផែនការដែលបានស្នើ ដោយគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីអនុវត្តបន្ត។
-គាំទ្របង្កើតគំនិតថ្មីៗដើម្បីជម្រុញ​ការអភិវឌ្ឍន៍អាស៊ានឲ្យកាន់តែរីកចំរើន និងស្របតាមបរិបទពិភពលោកទាំងមូល។

លទ្ធផលនៃកិច្ចប្រជុំមានដូចខាងក្រោម៖
-កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រី អាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើកទី១០បានអនុម័តទៅលើតួនាទី និងភារកិច្ចថ្មីរបស់រដ្ឋមន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឲ្យស្របទៅតាម​ផែនការ សកម្មភាពអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០១៦-២០២៥ ដែលត្រូវបានអនុម័តរួចហើយ ដោយរដ្ឋមន្ត្រីអាស៊ានផ្នែក​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កន្លងមក។

-កិច្ចប្រជុំបានអនុម័ត ទៅលើការប្តូរឈ្មោះពីរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា (The S&T Ministerial Body and Senior Official Committee) ទៅជា រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN Ministerial Meeting on Science, Technology and Innovation-AMMSTI) និងការប្តូរឈ្មោះគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ASEAN Committee on Science and Technology) ​ទៅជាគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN Committee on Science, Technology and Innovation-COSTI)។
-កិច្ចប្រជុំបានសង្កត់ធ្ងន់ទៅលើ​​សារៈសំខាន់ក្នុងការជម្រុញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយបរិយាប័ន និងចីរភាព និង​បានកត់សម្គាល់ទៅលើការបង្កើត៖

+សម្ព័ន្ធភាពចក្ខុវិស័យអាស៊ាន
+បណ្តាញទំនាក់ទំនងបណ្តាញ អ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ាន
+បណ្តាញទំនាក់ទំនងអាស៊ានផ្នែកបច្ចេកវិទ្យាលោហៈកម្ម
+បណ្តាញទំនាក់ទំនងអាស៊ានផ្នែកសម្ភារៈ អំណោយផលល្អដល់បរិស្ថាន និងប្រកប​ដោយចីរភាព
+ការចាប់ផ្តើមអនុវត្តគម្រោងគំនិតផ្តួចផ្តើម ប្រព័ន្ធឧបករណ៍កុំព្យូទ័រល្បឿនលឿន
+ការចាប់ផ្តើមអនុវត្តគម្រោងគំនិតផ្តួចផ្តើមសម្រាប់អភិវឌ្ឍន៍ការងាររោគវិនិច្ឆ័យ និងវិភាគសម្រាប់អាស៊ាន
+គំនិតផ្តួចផ្តើមការបង្កើតមជ្ឈមណ្ឌលអាស៊ាន ស្តីពីការប្រើប្រាស់អតិសុខុមប្រាណជីវសាស្ត្រ
+ក្របខណ្ឌការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់សកម្មភាពឆ្ពោះទៅអភវិឌ្ឍកម្មវិធីអាស៊ានលើការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផ្នែកគ្រោះមហន្តរាយ និងបន្ស៊ាំអាកាសធាតុ។

-កិច្ចប្រជុំបានផ្តល់អនុសាសន៍ឲ្យកំណត់អាទិភាព និងបង្កើនចំនួនគម្រោងដែលត្រូវអនុវត្តដោយអនុគណៈកម្មាធិការជំនាញ ស្របតាមផែនការសកម្មភាពអាស៊ានផ្នែកវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានវុត្តន៍។
-កិច្ចប្រជុំបានអនុម័តទៅលើសំណើគម្រោង​ចំនួន១៥ ដែលស្នើប្រើប្រាស់ថវិកាមូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងនវានុវត្តន៍អាស៊ាន។
-កិច្ចប្រជុំបានជម្រុញបន្តកិច្ច សហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយដៃគូសន្ទនាអាស៊ាន ទាំងអស់​ទៅលើកិច្ចសហការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ កសាងសមត្ថភាព និងការចល័ត អ្នកមានទេព្យកោសល្យ ​និងអ្នកវិទ្យាសាស្ត្រវ័យក្មេងផងដែរ។
-កិច្ចប្រជុំបានអបអរសាទរ ចំពោះ​ជ័យលាភីដែលទទួលបានពានរង្វាន់វិទ្យាសាស្ត្រ អាស៊ាន-អាមេរិកឆ្នាំ២០១៨សម្រាប់ស្ត្រី។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់ការគាំទ្ររបស់កម្ពុជា ទៅលើលទ្ធផលដែលអង្គប្រជុំបានឯកភាពហើយ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានលើកជា អនុសាសន៍ និងជម្រុញដល់ប្រទេស ជាសមាជិកអាស៊ានឲ្យមានសុខដមនីយកម្មអាស៊ាន តែមួយផ្នែក​កម្មសិទ្ធិបញ្ញា ក៏ដូចបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (Industry Revolution 4.0) ដើម្បីសម្របសម្រួលធុរៈកិច្ច ការប្រកួតប្រជែង និងនវានុវត្តន៍ ក្នុងការការពារផលប្រយោជន៍ផលិតករ ក្នុងស្រុក លើកទឹកចិត្តឲ្យមានការវិនិយោគថ្មី និងគាំទ្រការលើកកម្ពស់ សមត្ថភាពវិស័យឧស្សាហកម្ម និងសិប្បកម្មក្នុងតំបន់៕