(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលា សមាហរណកម្មវិនិយោគសង្កាត់ថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលខណ្ឌឆ្នាំ២០១៩-២០២១ ក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលបានធ្វើឡើង នៅសាលាខណ្ឌច្បារអំពៅ។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលា សមាហរណកម្មវិនិយោគសង្កាត់ថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខណ្ឌ ឆ្នាំ២០១៩-២០២១នេះ លោក ចេង មុនីរ៉ា បានឲ្យដឹងថា ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំ រំកិលខណ្ឌឆ្នាំ២០១៨កន្លងទៅ ខណ្ឌទទួលបានគំរោងគាំទ្រ សរុបចំនួន៨៣គំរោង រហូតដល់ពេលនេះអនុវត្តបាន៩៥%។
សំរាប់ឆ្នាំ២០១៩នេះ គំរោងកម្មវិធី៣ឆ្នាំរំកិល ២០១៩-២០២១ របស់ខណ្ឌ មានចំនួន៩៤គំរោង ក្នុងនោះ ផ្នែកសេដ្ឋកិច្ចមានចំនួន៣៤គំរោង, ផ្នែកសង្គមកិច្ច៣៧គំរោង, ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន មានចំនួន១៤គំរោង, និងផ្នែកសេវាកម្មរដ្ឋបាល និងសន្តិសុខ ចំនួន៩គំរោង។
ចំពោះគំរោងអទិភាពឆ្នាំ២០១៩ របស់សង្កាត់ទាំង៨ មានចំនួន៤៥៩គំរោង ដែលក្នុងនោះ វិស័យកសិកម្ម៨គំរោង, អាជីវកម្មមានចំនួន២១គំរោង ,វិស័យអប់រំ ៣៥គំរោង, វិស័យសុខភាព១៤០គំរោង, វិស័យជនងាយរងគ្រោះ ១៩គំរោង, វិស័យបរិស្ថាន៤២គំរោង, វិស័យរដ្ឋបាល និងសន្តិសុខចំនួន១៨០គំរោង, និងវិស័យផ្សេងៗចំនួន១៤គំរោង។ នេះជាការបញ្ជាក់បន្ថែម របស់អភិបាលខណ្ឌច្បារអំពៅ។
លោកបន្ដថា សិក្ខាសាលាសមាហរណកម្ម ក្នុងខណ្ឌច្បារអំពៅ ដែលបានរៀបចំឡើងនាពេលនេះ គឺស្របតាមផែនការអភិវឌ្ឍន៍៥ឆ្នាំ ទាំងរបស់សង្កាត់ និងរបស់ខណ្ឌ ដែលនៅក្នុងនោះ ចាំបាច់មានការចូលរួមគាំទ្រពីសំណាក់ មន្ត្រីជំនាញ និងសប្បុរសជននានា ដើម្បីឲ្យគម្រោងដែលបានរៀបចំឆ្លុះបញ្ចាំង ពីតម្រូវការជាអាទិភាព នៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព។
ជាមួយគ្នានេះ លោក ចេង មុនីរ៉ា ក៏បានសំដែងនូវជំនឿថា មន្ត្រីមន្ទីរជំនាញ-អង្គភាព អង្គការសង្គមស៊ីវីល វិស័យឯកជន ដៃគូរអភិវឌ្ឍន៍នានា និងសប្បុរសជន នឹងជួយគាំទ្រគម្រោងនានារបស់ខណ្ឌ និងសង្កាត់ទៅតាមលទ្ធភាព ធនធានរៀងៗខ្លួន។
លោកថា ពិសេសមន្ទីរជំនាញ អង្គភាព អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសប្បុរសជន ដែលបានសន្យា ជួយគាំទ្រគម្រោងនានា នៅពេលនេះ ត្រូវបញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ២០១៩របស់ខ្លួន ហើយខិតខំអនុវត្តឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពទៅតាមផែនការគ្រោងទុក, តែប្រសិនបើគម្រោង បានគាំទ្រនៅពេលនេះ ប៉ុន្តែមិនបានអនុវត្តគួរតែជូនដំណឹងដល់ខណ្ឌ ឬសង្កាត់ឲ្យដឹងវិញផង៕