(ភ្នំពេញ)៖ មនុស្សកើតមកក្នុងលោកយើងនេះ តែងតែមានគោលបំណង និងក្តីស្រម៉ៃផ្សេងៗគ្នា ដែលពួកគេគិតថា អាចជួយដល់សង្គមជាតិរបស់ខ្លួនបាន។ បុគ្គលជាច្រើន ហ៊ានលះបង់ទាំងធនធាន និងកម្លាំងផ្ទាល់ខ្លួន ដើម្បីបង្ហាញពីទឹកចិត្តសប្បុរស និងក្តីអាណិតអាសូរដល់អ្នកខ្វះខាត ក៏ដូចជាផ្តល់សម្ភារសិក្សាដល់កុមារ បានសិក្សារៀនសូត្រដូចអ្នកធូរធារផងដែរ។
ជាមួយគ្នានេះ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ម៉េងលី ជេ.គួច ដែលគេស្គាល់យ៉ាងច្បាស់ថា ជាឧកញ៉ាសប្បុរសកម្ពុជា បានខិតខំប្រឹងប្រែងលះបង់ កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីជួយដល់សង្គមជាតិ តាមរយៈការចុះជួយពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតយកប្រាក់ជាដើម។ ក្រៅពីសកម្មភាពមនុស្សធម៌ខាងលើ លោកឧកញ៉ា តែងតែនិពន្ធសៀវភៅ ក៏ដូចជា សរសេរពីគំនិតអប់រំខ្លីៗ ដើម្បីស្វែងរកថវិកាលើកស្ទួយមូលនិធិរបស់លោក យកទៅជួយដល់កុមារនិងជនក្រីក្រទៀតផង។
ថ្លែងក្នុងកម្មវិធីសម្ពោធសៀវភៅ «១០៨ ចក្ខុវិស័យ គួច ម៉េងលី» នៅបណ្ណាគារ Monument Book នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ លោកឧកញ៉ា គួច ម៉េងលី បានថ្លែងថា សៀវភៅនេះជាប្រភេទ បណ្តុំទស្សនៈខ្លីៗ ស្តីពីចក្ខុវិស័យដែលងាយនឹងអនុវត្តន៍ នៅក្នុងជីវិតប្រចាំថ្ងៃ ដែលកម្រងទស្សនៈខ្លីៗទាំងនោះ រួមបញ្ចូលគ្នាបាន១០៨ចក្ខុវិស័យ និងស្តែងពីពិសោធន៍ជីវិតការងារ របស់លោកផ្ទាល់តែម្តង។ លោកបានបន្តថា នេះជាស្នាដៃនិពន្ធសៀវភៅលើកទី៥ហើយ ហើយថវិកាដែលបានមកពីការលក់សៀវភៅ នឹងបរិច្ចាគជូនមូលនិធិ ម៉េងលី ជេ.គួច សម្រាប់ជួយកុមារនិងជនក្រីក្រ។
បើតាមលោកឧកញ៉ាសាកវិទ្យាធិការ និងជាបុគ្គលជោគជ័យមួយរូប ខ្លឹមសារនៃសៀវភៅនេះ មាន៣សំខាន់ៗរួមមាន៖
១៖ និយាយពីពិសោធន៍ជីវិតក្នុងអាជីពជាធុរជន ដែលជាចក្ខុវិស័យជាទស្សនទាន ស្តីពីគំនិតយោបល់ ការយល់ឃើញនិងបទពិសោធន៍ផ្ទាល់ របស់លោកឧកញ៉ា ក្នុងនាមជាធុរជនវិស័យអប់រំឈានមុខគេនៅកម្ពុជា។
២៖ បង្ហាញពីចក្ខុវិស័យចម្រុះខ្លះៗ នៃយុទ្ធសាស្ត្រធ្វើជំនួយប្រកបដោយនិរន្តរភាព។
៣៖ ចែករំលែកវិធីសាស្ត្រលើកទឹកចិត្តខ្លះៗ ដើម្បីគោលដៅជីវិតច្បាស់លាស់ មិនថាក្នុងអាជីពការងារ គ្រួសារ ការសិក្សា និងសហគមន៍រស់នៅនោះទេ។
ទន្ទឹមនឹងនេះ លោកឧកញ៉ា គួច ម៉េងលី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ងាកមកចាប់អារម្មណ៍ការអានសៀវភៅ ជាងការប្រើប្រាស់ទូរស័ព្ទលេងកម្សាន្ត ព្រោះការអានសៀវភៅច្រើនធ្វើឲ្យខួរក្បាលជ្រះថ្លា។ លោកបានសង្ឃឹមថា សៀវភៅរបស់លោក ជាអន្ទាក់មួយដើម្បីទាញចិត្តការអាន ក៏ដូចជាបង្កើតចំណេះដឹងសម្រាប់ប្រជាពលរដ្ឋកម្ពុជា យកទៅប្រើប្រាស់ផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានសម្ពោធសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» រួចហើយ ដែលសៀវភៅនេះជាផ្នែកដ៏ជួរចត់មួយ ដែលបានកើតឡើង នៅជួរភ្នំដងរែក។ សៀវភៅនេះទៀតសោត គឺជាកម្រងជីវិតពិតរបស់ក្រុមគ្រួសារ លោកឧកញ៉ា ដែលបានរត់ភៀសខ្លួនពីខេត្តបាត់ដំបង ទៅកាន់ជំរំនៃជាយដែនកម្ពុជា-ថៃ បំណងភៀសខ្លួន ទៅប្រទេសទី៣ ក្នុងបុព្វហេតុស្វែងរកសន្តិភាពដើម្បីជីវិត៕