(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក ប្រធានប្រតិភូសាខាសមាគមមិត្តភាព យោធភូមិភាគនិរតីវៀតណាម ប្រចាំរដ្ឋធានីហាណូយ បានថ្លែងថា រូបលោកផ្ទាល់ និងប្រតិភូអមដំណើរទាំងអស់ មានសេចក្តីរំភើបឥតគណនា បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា និងបានឃើញការរីកចម្រើនមិនអាចនឹកមិនស្មានដល់ បើប្រៀបធៀបទៅនឹងអតីតកាល៤០ឆ្នាំមុន។
លោកបន្តថា មូលហេតុដែលលោកនិយាយដូច្នេះ ព្រោះលោកជាសាក្ស៉ីរស់មួយរូប ដែលបានចូលរួមក្នុងជួរកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបប ប៉ុល ពត រហូតទទួលបានជោគជ័យ នាថ្ងៃជ័យជន្នះ ៧ មករា ១៩៧៩ ។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក បានធ្វើឡើងគ្រាដែលគណៈប្រតិភូលោក បានមកទស្សនកិច្ចនៅកម្ពុជា និងត្រូវបានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អនុញ្ញាតឲ្យចូលជួបសម្តែងការសម នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ មុនពេលដែលប្រតិភូលោក បន្តដំណើរទៅបំពេញទស្សនកិច្ច នៅខេត្តសៀមរាប។
លោកស្រី ម៉ែន សំអន បានអបអរសាទរចំពោះដំណើរទស្សនកិច្ច របស់ប្រតិភូនាពេលនេះ បន្ទាប់ពីប្រជាជនកម្ពុជា ទើបតែបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌថ្មីៗ ពិសេសរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៦ កំពុងដំណើរការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានរំឭកអំពីចំណងមិត្តភាព រវាងប្រជាជននិងប្រទេសទាំងពីរ ដែលមានជាប្រវត្តិសាស្ត្រ ជាយូរលង់ណាស់មកហើយ ក្នុងឋានៈជាអ្នកជិតខាងល្អ ធ្លាប់បានតស៊ូប្រឆាំងសត្រូវរួមគ្នា និងបានសហការជួយគ្នាទៅវិញទៅមក ទាំងសន្តិសុខ ទាំងការពង្រីកសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌឯកជន។ លោកស្រីថា ប្រទេសទាំងពីរចាំមិនភ្លេចទេ ដែលកងទ័ពប្រជាជនវៀតណាមបានស្ម័គ្រចិត្តជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត។
លោក ង្វៀន គួកធឿក បានថ្លែងអំណរគុណលោកស្រី ម៉ែន សំអន ដែលបានអនុញ្ញាតឲ្យប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលអាចវាយតម្លៃបានថា កម្ពុជាពិតជា ព្រះរាជាណាចក្រអច្ឆិរយៈ ដែលខុសគ្នាដាច់ស្រឡះកាលពី៤០ឆ្នាំកន្លងទៅ ព្រោះពីមុនជាទីវាលពិឃាត និងហេដ្ឋារចនាសម្ព័ន្ធនានាស្ថិតនៅក្នុងចំណុចសូន្យ។ លោកបន្តថា ឥឡូវកម្ពុជាបានក្លាយជាកន្លែងអភិវឌ្ឍន៍ឥតឈប់ឈរ ជីវភាពប្រជាជនសម្បូរធូរធារ និងបានក្លាយជាប្រទេសជាតិមួយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ផងដែរ។
ជាការឆ្លើយតប ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកស្រី ម៉ែន សំអន បាននាំការសួរសុខទុក្ខ ពីសម្តេចតេជោ ផ្ញើជូនប្រតិភូទាំងអស់ប្រកបដោយការនឹករឭក និងសូមឲ្យកងទ័ពនិងប្រជាជន នៃប្រទេសទាំងពីរ បន្តកិច្ចសហការគ្នាឲ្យកាន់រឹងមាំថែមទៀត ក្នុងន័យបម្រើឲ្យផលប្រយោជន៍រួម ដើម្បីជ្រោងទង់កសាងជាតិឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេសក្នុងតំបន់ និងនៅលើពិភពលោក។ លោកស្រីជូនពរសុំឲ្យដំណើទេសចរណ៍ របស់ប្រតិភូវៀតណាមទៅកាន់ខេត្តសៀមរាប និងទៅកាន់តំបន់ផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបានជោគជ័យផងដែរ៕