(កំពង់ឆ្នាំង)៖ នៅថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ព្រមទាំងបាននាំយកគ្រឿងបរិភោគ និងបច្ច័យចំនួន ២០លានរៀល ចូលបុណ្យសពកុមារទាំងពីរនាក់បងប្អូន ដែលត្រូវបានគេរំលោភហើយសម្លាប់យ៉ាងអាណោចអាធ័មក្នុងខ្ទម ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ខណៈដែល ឪពុកទៅធ្វើការនៅប្រទេសថៃ រីឯម្តាយទៅធ្វើការនៅភ្នំពេញទុកកូនផ្ញើសាច់ញាតិក្នុងភូមិ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពកុមារី អ៊ុល លក្ខិណា អាយុ ១៤ឆ្នាំ និងសពកុមារី អ៊ុល ធីតា អាយុ ៧ឆ្នាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវដល់សមត្ថកិច្ចជំនាញវែកមុខរកឧក្រិដ្ឋជន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាល បានចូលបុណ្យសពនូវ អង្ករ ២០០គីឡូក្រាម ត្រីខ ៧០កំប៉ុង មី ៧កេស ទឹកក្រូច ៧កេស ទឹកបរិសុទ្ធ ៧កេស និងបច្ច័យចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀល)។
ដោយឡែក សម្រាប់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបរិបូណ៌ និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ក៏បានចូលរួមរំលែកទុក្ខ និងចូលបុណ្យសពកុមារីទាំងពីរនាក់នេះផងដែរ៕