(ភ្នំពេញ)៖ បញ្ជីបោះឆ្នោតដំបូងឆ្នាំ២០១៨ នៃការិយាល័យបោះឆ្នោតទាំងអស់ក្នុងឃុំសង្កាត់ និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត តាមឃុំសង្កាត់នីមួយៗ នឹងត្រូវបិទផ្សាយព្រមៗគ្នា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមសាលាឃុំសង្កាត់មួយច្បាប់ និងនៅទីតាំងសាធារណៈណាមួយក្នុងឃុំសង្កាត់មួយច្បាប់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៃកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបញ្ចប់ការចុះឈ្មោះបោះឆ្នោត ការរៀបចំនិងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសព័ត៌មាន លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ គិតត្រឹមថ្ងៃទី១៨ ខែតុលា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ មានចំនួន ៨,៣៨០,២១៧នាក់ និងអ្នកចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៨ មានចំនួន ១៩៥,០៨៧នាក់។ ជាមួយគ្នានេះ ឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន៥៤,១៦៥នាក់ ហើយអ្នកដែលបានកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួន១,៥៥៣នាក់ ខណៈអ្នកបោះឆ្នោតផ្ទេរចូលចំនួន២៦,១៦០នាក់។
លោក ឌឹម សុវណ្ណារុំ បានបន្តថា សរុបអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨ មានចំនួន៨,៥៤៧,២៩៩នាក់ គិតជាភាគរយ ៨៦.២៦ភាគរយ បើប្រៀបធៀបទៅនឹងចំនួនប៉ាន់ស្មានអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួន៩,៩០៨,២៤៣នាក់។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ អាចពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅលើគេហទំព័រ www.voterlist.org.kh និងតាមរយៈកម្មវិធីទូរស័ព្ទដៃ Voterlist KH (App)៕