(ប៉ៃលិន)៖ លោក ផាន់ ចានធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការនគរបាលខេត្តនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ បានចូលរួមសហការ និងពិនិត្យមើលការត្រួតពិនិត្យយានយន្ត ដឹកលើសទម្ងន់កម្រិតកំណត់ នៅមាត់ច្រកទ្វារអន្តរជាតិព្រំដែន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ប្រតិបត្តិការនេះដឹកនាំដោយលោក សេង ឈួន ប្រធានក្រុមការងារត្រួតពិនិត្យយានយន្ត ដឹកលើសទម្ងន់កម្រិតកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយក្រុមការងារ បានឆ្មក់ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កំណត់ចំនួន០៣គ្រឿង។
ក្នុងប្រតិបត្តិការក្តៅបង្រ្កាបរថយន្តដឹកលើសទម្ងន់ទាំងនេះ លោក សេង ឈួន បានលើកឡើងថា ដោយគោរពតាមការចង្អុលបង្ហាញរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ នឹងចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន គ្រប់កន្លែងទាំងអស់ ដើម្បីរារាំងការដឹកលើសទម្ងន់ ដែលនាំឱ្យខូចផ្លូវធ្ងន់ធ្ងរ។
លោកប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបរថយន្តដឹកលើសទម្ងន់នេះ ធ្វើឡើងដោយតម្លាភាព ដោយមិនមានការអន្តរាគមន៍ជាដាច់ខាត ទោះបីរថយន្តដឹកលើសទម្ងន់នោះ ជារបស់អ្នកមានឥទ្ធិពល ឬមានអំណាចក៏ដោយ ហើយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ប្រតិបត្តិការទប់ស្កាត់រថយន្តដឹកជញ្ជូនលើសទម្ងន់នេះ គឺមិនរាថយឡើយ។
លោក សេង ឈួន បានអំពាវនាវដល់ម្ចាស់រថយន្តដឹកជញ្ជូន ឱ្យគោរពច្បាប់ដឹកជញ្ជូន និងកម្រិតទម្ងន់ ដែលកំណត់ដោយច្បាប់ ចៀសវាងការធ្វើឲ្យខូចខាតផ្លូវ ដែលរាជរដ្ឋាភិបាលបានខិតខំ សាងសង់ឡើង ក្នុងនោះរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងមិនចង់បានលុយផាកពិន័យ ពីការដឹកលើសទម្ងន់នោះទេ ព្រោះលុយយកពីការផាកពិន័យ មិនអាចយកមកទូទាត់ជាមួយទំហំ នៃការខូចខាតផ្លូវ ហើយក៏មិនអាចយកជួសជុលផ្លូវឡើងវិញបាននោះឡើយ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការត្រួតពិនិត្យទម្ងន់រថយន្តដឹកដីទាំងនេះ ក្នុងចំណោមរថយន្តដឹកជញ្ជូនទំនិញឆ្លងដែនចំនួន៥គ្រឿង ដោយរកឃើញរថយន្តដឹកលើសទម្ងន់ចំនួន៣គ្រឿង ដោយដឹកលើសចន្លោះពី៥តោន រហូតដល់ទៅ៨,៥តោន ហើយរថយន្តទាំងអស់ត្រូវបានឃាត់ទុករង់ចាំម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយទៅតាមនីតិវិធី ជាពិសេសត្រូវបង់ការផាកពិន័យ ទៅតាមច្បាប់ដឹកជញ្ជូន ដែលមានជាធរមាន៕