(ភ្នំពេញ)៖ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី សហការជាមួយវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបចំបើកសិក្ខាសាលាជាតិមួយ ស្ដីពី «សង្គតិភាពព្រះពុទ្ធសាសនា ដើម្បីពង្រឹង និងអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងសង្គមកម្ពុជាបច្ចុប្បន្ន៖ ការពង្រឹងសង្ឃវិន័យ»។
ក្នុងពិធីបើកសិក្ខាសាលានេះដែរ ក៏មានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រះសង្ឃ និងអ្នកចូលរួមទាំងអស់សរុបជាង ១០០អង្គ/នាក់ផងដែរ។
លោកបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន បានបញ្ជាក់ថា សម្រាប់សិក្ខាសិលានេះដែរ បានប្រព្រឹត្តទៅក្នុងគោលបំណងឈ្វេងយល់ដូចជា មធ្យោបាយនានានៃការពង្រឹង និងការអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រ, ផលប៉ះពាល់ដោយការមិនគោរពតាមសង្ឃវិន័យរបស់ព្រះសង្ឃមួយចំនួន នៅកម្ពុជា បញ្ហាប្រឈម និងដំណោះស្រាយ។
លោកបានបញ្ជាក់បន្តថា «ក្រោយការប្រារព្ធ នូវសិក្ខាសាលាជាតិនេះ យើងនឹងទទួលបានដូចជា ការចូលរួមពីមន្ត្រីសង្ឃជាន់ខ្ពស់ ព្រះសង្ឃ ស្ថាបនពាក់ព័ន្ធ និងអ្នកស្រាវជ្រាវ ពីរាជបណ្ឌិត្យសភាកម្ពុជា, ការពិភាក្សាលើការពង្រឹងវិន័យសង្ឃ រកឲ្យឃើញនូវបញ្ហាប្រឈម និងដំណោះស្រាយនានា និងរៀបចំបាននូវផែនការយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍន៍ ដើម្បីរម្ងាប់អធិករជាបាតុភូតអវិជ្ជមាននានា នៅក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមកម្ពុជាផងដែរ»។
លោកបណ្ឌិតសភាចារ្យបានថ្លែងថា សម្រាប់អង្គសិក្ខាសាលានាថ្ងៃនេះ លោកសង្ឃឹមថា នឹងជាប្រយោជន៍ទៅដល់ពុទ្ធបរិស័ទ ជាពិសេសព្រះសង្ឃគ្រប់ព្រះអង្គ ដើម្បីក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាប្រទីបបំភ្លឺផ្លូវសង្គមកម្ពុជា ឲ្យមានការអភិវឌ្ឍប្រកបដោយវឌ្ឍនធម៌ សុភមង្គល និងសេចក្ដីរុងរឿងផងដែរ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា «បើតាមការរស់នៅឆ្លងកាត់ នៅក្នុងប្រទេសកម្ពុជានេះ គឺមានធាតុផ្សុំ៥ ដែលក្នុងនោះរួមមាន៖ ទី១៖ ប្រជាជនកម្ពុជាភាគច្រើន គឺកាន់ព្រះពុទ្ធសាសនា, ទី២៖ រដ្ឋធម្មនុញបានចែងច្បាស់ណាស់ថា ជាសាសនារបស់រដ្ឋ ហើយចងនៅក្នុងរដ្ឋធម្មនុញទៀត, ទី៣៖ ព្រះអង្គជាង ៥ម៉ឺនអង្គ ហើយបើព្រះអង្គជាសាវៈរបស់ព្រះពុទ្ធ គឺដាច់ខាត់ឈរលើព្រះត្រៃបិដក, ទី៤៖ កំណើននៃវត្ត គឺមានច្រើន ដូច្នេះហើយត្រូវសិក្សាមើលថា តើមានការត្អូញត្អែរពីវត្ត នៃការខ្វះខាត់ចង្ហាន់មិនដល់ និងនៅតំបន់នោះ មានប្រជាជនប៉ុន្មាន។ ចំណុចនេះក៏ត្រូវសិក្សាថា តើត្រូវមានប្រជាជនប៉ុន្មាន ដើម្បីសង់វត្ត ហើយវត្តត្រូវមានព្រះសង្ឃប៉ុន្មានអង្គ, និងទី៥៖ ត្រូវបកស្រាយរាល់ការងារដែលពាក់ព័ន្ធ ដល់អ្នកខូចដែលយកវិស័យព្រះពុទ្ធសាសនាទៅបន្ទាប»។
លោកបានបន្តថា សម្រាប់ព្រះពុទ្ធសាសនាមានចំណុច៤ ដែលជាប្រយោជន៍ ចំពោះសង្គមកម្ពុជា ដែលក្នុងនោះ ទី១៖ សន្ដិភាព, ទី២៖ ការអភិវឌ្ឍធនធានមនុស្ស, ទី៣៖ ការចូលរួម, និងទី៤៖ និរន្តរភាព។ ចំពោះគុណប្រយោជន៍ទាំង៤ប្រការនេះ គឺជាប្រយោជន៍ចំបង និងជារូបភាពរួមដែលបានគិតថា ជាគ្រឿងទាក់ទាញអារម្មណ៍អ្នកដឹកនាំ ដោយការយកព្រះពុទ្ធសាសនា ឲ្យរួមវិភាគទានក្នុងការគ្រប់គ្រងប្រទេសរហូតដល់ ដាក់ពុទ្ធសាសនាថា ជាសាសនារបស់រដ្ឋ និងជាអង្គនៃបាវចនាគឺ ជាតិ-សាសនា-ព្រះមហាក្សត្រ៕