(កំពង់ធំ)៖ ដើម្បីប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអនុវត្តន៍នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ឃុំ-ភូមិ កងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងស្រុកប្រាសាទបល្ល័ង្ក បានបំពាក់ឯកសណ្ឋានប្រជាការពារចំនួន២០សម្រាប់ ជូនដល់០៣ភូមិ គឺភូមិស្រែចំនួន ១០នាក់ ភូមិតាឡែកថ្មីចំនួន ០៥នាក់ និងភូមិអណ្តាសចំនួន ៥នាក់។
ដោយឡែក វិទ្យុទាក់ទងដៃចំនួន៣គ្រឿង ត្រូវបានប្រគល់ជូនលោកមេឃុំសាលាវិស័យ១គ្រឿង និងប្រជាការពារភូមិតាឡែកថ្មីចំនួន២គ្រឿង។
លោក ជិន ហ៊ីន មេឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក បានឡើងថ្លែងរបាយការណ៍សង្ខេបស្តីពី ស្ថានភាពទូទៅនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងសប្បុរសជន ដែលបានឧបត្ថម្ភសំលៀកបំពាក់ប្រជាការពារ ដើម្បីរួមចំណែកក្នុងការអនុវត្តន៍នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជូនអង្គពិធីផងដែរ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ អញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា ហើយបានធ្វើការផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋបាល និងបានពន្យល់ណែនាំអំពីតួរនាទី ភារកិច្ច និងសិទ្ធរបស់ប្រជាការពារផងដែរ ។
លោក សោម ស៊ុន ក៏បានផ្តាំផ្ញើដល់ប្រជាការពារ នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
*ទី១៖ ត្រូវសិក្សាស្វែងយល់នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង ៩ចំណុចរបស់រាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់
*ទី២៖ ចូលរួមបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ ធ្វើជាគំរូជូនប្រជាពលរដ្ឋក្នុងការអនុវត្តន៍ច្បាប់ផ្សេងៗ និងមិនប្រព្រឹត្តអ្វីឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ
*ទី៣៖ មិនត្រូវប្រើប្រាស់ឯកសណ្ឋានខុសច្បាស់ ដែលមានស្លាកជាកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិនោះឡើយ៕