(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ក្រោមកិច្ចសហការពីក្រុមហ៊ុន «ថប សាមមីត ហ្គាមេន អ៊ីន» លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីបញ្ហានានា ដែលកើតពីឥទ្ធិពលនៃគ្រឿងញៀនដល់បុគ្គលិក កម្មករ និយោជិកជាង២៥០នាក់។
លោកស្រី ម៉ៅ សោភា តំណាងក្រុមហ៊ុនបានស្វាគមន៍ និងថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានយកចិត្តទុកដាក់ដល់សុខភាពបងប្អូនកម្មករ និយោជិកយើង តាមរយៈការផ្តល់កិច្ចសហការចូលរួមកម្មវិធីនេះ ហើយក្រុមហ៊ុនលោកស្រី រីករាយចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ទោះបីជាក្រុមហ៊ុនរបស់លោកស្រី មិនមែនជាទីតាំងរក្សាទុក ដាំដុះ ផលិត ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនក៏ដោយ។
ក្នុងឱកាសនោះ លោក លឹម តុងហួត បានកោតសសើរដោយស្មោះចំពោះក្រុមហ៊ុន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើការងារបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន ដែលជាបញ្ហាចម្បងនាំឲ្យមានអំពើហឹង្សានិងឧក្រិដ្ឋកម្ម។ ក្នុងឱកាសនោះដែរ លោក លឹម តុងហួត បានបន្ថែមថា គ្រឿងញៀនបំផ្លាញអ្វីៗទាំងអស់រួមទាំងសុភមង្គលគ្រួសារ ទ្រព្យសម្បត្តិ នាំទុក្ខវេទនាដល់ក្រុមគ្រួសារ និងផល់វិបាកដល់សង្គមជាតិ។
ជាមួយគ្នានេះ លោក លឹម តុងហួត ក៏បានអបអរសាទរដល់ការរីកចម្រើន និងជោគជ័យលើការរកស៊ីរបស់ក្រុមហ៊ុន ជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋយើងបានចំនួនជាង៤២០០កន្លែង ហើយបងប្អូនយើងជាបុគ្គលិក កម្មករ និយោជិកត្រូវតែចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងជួយផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ដោយមិនត្រូវទទួលយកនូវរាល់ឱសថអ្វីដែលយើងមិនបានស្គាល់ ឬមិនដឹងប្រភពច្បាស់លាស់យកមកប្រើប្រាស់ឡើយព្រោះអាចជាគ្រឿងញៀន ហើយជនល្មើសប្រើល្បិចបោកបញ្ឆោតទាក់ទាញឲ្យប្រើប្រាស់៕