(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១២ ជាមួយបណ្តាលរដ្ឋមន្រ្តីការពារជាតិ ក្នុងតំបន់អាស៊ាន ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៉ឹង អេងហែន រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១២ ក្រៅពីការអនុមត័ទៅតាមរបៀបវារៈ ដែលបានគ្រោងទុក កិច្ចប្រជុំបានលើលើកឡើង ពីការគំរាមកំហែងផ្នែកភេរវកម្ម និងអាវុធប្រល័យលោក មានអាវុធគីមី ជីវសាស្រ្តនិងវិទ្យុសកម្ម។
កិច្ចប្រជុំនេះ ក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ ដោយផ្តោតទៅលើការប្រឆាំងមនោគមវិជ្ចាភេរវកម្ម និងរាល់ភាពប្រឈមទាំងឡាយ ដែលត្រូវរួមគ្នាដោះស្រាយ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តការ ការហ្វឹកហ្វឺន ល្បាតរួមគ្នា និងការចែករំលែកព័ត៌មាន គ្នាទៅវិញទៅមក។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានចាត់ទុកសន្តិសុខល្អប្រសើរនៅក្នុងតំបន់អាស៊ាន គឺជាចលករដ៏សំខាន់នៅក្នុងដំបន់អាស៉ីប៉ាស៉ីភិច។
នៅក្នុងការផ្លាស់ប្តូរទស្សនៈនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា បើទោះបីជាស្ថានភាពសន្តិសុខនៅក្នុងតំបន់អាស៊ាន មានស្ថិរភាពជារួម ប៉ុន្តែសក្តានុពលហានិភ័យនៃសន្តិសុខ និងស្ថិរភាពក៏នៅតែបន្តមាន។ ទោះជាភេរវកម្មកំពុងត្រូវបានទប់ស្កាត់ ប៉ុន្តែវានៅតែបន្តគំរាមគំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថានការណ៍សន្តិសុខតំបន់ ហើយវាក៏ជាបញ្ហាព្រួយបារម្ភរួម របស់ប្រជាជាតិអាស៉ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀតជាច្រើន។ សម្តេចបានបន្តថា សព្វថ្ងៃនេះការទប់ស្កាត់ភេរវកម្ម ដែលប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណែត ក្នុងការទាក់ទាញអ្នកគាំទ្រ គឺមានសារៈសំខាន់ណាស់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ក្រុមភេរវករកំពុងទាញយកប្រយោជន៍ពីប្រព័ន្ធផ្សព្វផ្សាយសង្គម ការទំនាក់ទំនងដោយប្រើប្រាស់កូដសម្ងាត់ និងការប្រើប្រាស់គេហទំព័រសម្ងាត់ ដែលពុំអាចមើលបានជាសាធារណៈ ដើម្បីផ្សព្វផ្សាយព័ត៌មានឃោសនា ទាញយកសមាជិកថ្មីៗ ធ្វើការផ្ទេរនូវជំនាញរបស់ខ្លួន ដែលទទួលបានពីសមរភូមិទៅកាន់អ្នកផ្សេងទៀត ក៏ដូចជាដើម្បីរៀបចំការវាយប្រហារជាដើម។ ទោះបីជាប្រទេសកម្ពុជា មិនត្រូវបានគំរាមកំហែង ដោយក្រុមអង្គការចាត់តាំងភេរវករក្នុងស្រុក ឬអន្តរជាតិគួរឱ្យកត់សម្គាល់ណាមួយ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសក៏ដោយ រាជរដ្ឋាភិបាលនៅតែមានការប្រុងប្រយ័ត្ន ចំពោះការគំរាមកំហែងក្នុងតំបន់ ហើយបានចាត់ទុកបញ្ហាភេរវកម្មជាផ្នែកមួយ នៃការព្រួយបារម្ភចម្បងផ្នែកសន្តិសុខឆ្លងដែន។
សម្តេចបានសម្តែងការជឿជាក់ថា អំពើភេរវកម្មនឹងមិនអាចត្រូវបានបង្រ្កាប ដោយមធ្យោបាយយោធាតែមួយមុខនោះទេ តែគួរចាប់ផ្តើមគិតគូរពិចារណាអំពី «វិធានការការពារ» សម្រាប់ដំណោះស្រាយយូរអង្វែងជាអចិន្ត្រៃយ៍។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១២ នាពេលនោះដែរ កិច្ចប្រជុំបានឯកភាពកែប្រែកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ានក្រៅផ្លូវការ ឲ្យទៅជាកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន ផ្លូវការវិញ ដែលត្រូវចាប់អនុវត្តន៍នៅប្រទេសថៃ ដែលប្រទេសថៃត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០១៩ខាងមុខនេះ៕