(ពោធិ៍សាត់)៖ ក្រុមមន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យរកទំនិញខូចគុណភាព នៅផ្សារក្រវ៉ាញ ស្ថិតនៅឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានរកឃើញទំនិញម្ហូបអាហារ ខូចគុណភាពហួសកាលបរិច្ឆេទ៦២,១០គីឡូក្រាម និងបានដកហូតយកទៅកម្ទេចចោល។
លោក តូច ចៅកុយ ប្រធានសាខាខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការចុះត្រួតពិនិត្យខាងលើនេះ មន្រ្តីរបស់លោកបានណែនាំដល់អាជីវករ ឲ្យចៀសវៀងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមី ហាមឃាត់។
លោក តូច ចៅកុយ បន្ទាប់ពីការចុះត្រួតពិនិត្យនៅផ្សារក្រវ៉ាញរួចមក ក្រុមការងាររបស់លោក បានផ្សព្វផ្សាយអប់រំ និងធ្វើតេស្តបឋមលើម្ហូបអាហារដូចជា៖ ប្រហុក ត្រីងៀត ផ្អក ត្រីប្រា សំយ៉ុង សាច់ក្រក ប្រហិត និងម្ហូបអាហារវេចខ្ចប់ស្រេច ហើយជាលទ្ធផល គ្មានទំនិញណាមួយដែលលាយសារធាតុគីមីហាមឃាត់ឡើយ។
ក្រុមកាងារក៏បានចែក និងបិទផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាល មកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូល ក្នុងម្ហូបអាហារ៕