(អារ៉ាប៊ីសាអ៊ូឌីត)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស បានស្នើទៅកាន់ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) បន្ថែមចំនួនអាហារូបករណ៍ក្នុងស្រុកដល់និស្សិតកម្ពុជា សិក្សាតាមបណ្តាសាកលវិទ្យាល័យនានានៅកម្ពុជា ដោយមិនចាំបាច់បញ្ជូនទៅក្រៅប្រទេស ពីព្រោះកម្ពុជាបានបោះជំហានទៅមុខលើវិស័យអប់រំទាំងរដ្ឋ និងឯកជន ហើយមានគុណភាព និងតម្លៃសមរម្យ។
ការស្នើសុំយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ជើញបន្តពិភាក្សាការងារជាមួយ លោកម៉ាន់ សួរ មុតើក អនុប្រធានធនាគារអភិវឌ្ឈន៍ឥស្លាម (IsDB )នៅទីស្នាក់ការធនាគារ ប្រទេសអារ៉ាប៊ីសាអូឌីត។
លោកទេសរដ្ឋមន្ត្រី ក៏បានរៀបរាប់ដោយសង្ខេបអំពីស្ថានការណ៍នៅកម្ពុជា ជាពិសេសសហគមន៍ឥស្លាម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានសម្រេចផ្តល់ជូន ជាពិសេសវិស័យអប់រំ គឺជាវិស័យដែលដើរតួនាទីយ៉ាងសំខាន់ ដែលរាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់ និងចាត់បញ្ចូលក្នុងចំវិស័យអទ្ធិភាពនានាទៀត។
ជាមួយគ្នានោះដែរ លោក អូស្មាន ហាស្សាន់ ក៏ស្នើសុំធនាគារជួយគាំទ្រគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម វ៉ាកាហ្វសម្រាប់ទ្រទ្រង់ សិស្សនិស្សិត និងអ៊ីមាំតួនជាដើម។
ជាកិច្ចឆ្លើយតប លោកអនុប្រធានធនាគារ បានយល់ព្រមតាមសំណើសុំបន្ថែមអាហារូបករណ៍ ពីព្រោះនិស្សិតដែលធ្លាប់ទទួលអាហារូបករណ៍របស់គម្រោង IDB គឺបានទទួលមកវិញនូវផលវិជ្ជមាន និងថ្នាលធនធានមនុស្សយ៉ាងសំខាន់ ដែលសព្វថ្ងៃទទួលបានការងារល្អៗ ក្នុងការចូលរួមបម្រើសង្គមជាតិ ទាំងក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ ជាពិសេស ក្នុងនោះក៏មានមួយចំនួន បានក្លាយជាឥស្សរជនជាន់ខ្ពស់ នៅតាមបណ្តាស្ថាប័ននានា រួមមាន រដ្ឋសភា និងក្រសួងផ្សេងៗជាដើម។
គួរបញ្ជាក់ថា ធនាគារ IsDB ចាប់ផ្តើមផ្តល់អាហារូបករណ៍ដល់ និស្សិតកម្ពុជាចាប់តាំងពី ឆ្នាំ១៩៩២ ដែលសរុបមានចំនួន៩៥នាក់ ក្នុងនោះ អ្នកបញ្ចប់ការសិក្សា៧៨នាក់ ដែលក្នុងប្រទេស៤៦នាក់ និងក្រៅប្រទេស (ឥណ្ឌូណេស៊ី) ៣២នាក់។ និស្សិតដែលទទួលបានគម្រោងអាហារូបករណ៍របស់ធនាគារ IsDB គឺត្រូវបានរ៉ាប់រងជូនទាំងស្រុងទាំងការបង់ថ្លៃសិក្សា ការហូបចុក ការស្នាក់នៅ ជាដើម៕