(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានបញ្ចេញកាណុងធំមួយទៀត សម្រាប់ចុងឆ្នាំ២០១៨ កាលពីយប់ថ្ងៃទី១៦ ខែតុលា នៅទីក្រុងឡុង ជាមួយការសម្ពោធកំពូលស្មាតហ្វូនត្រកូល Mate ជំនាន់ថ្មី Mate 20 និង Mate 20 Pro ដែលជាកំពូលស្មាតហ្វូនឆ្លាតវៃជាង កាលីបជាង អស្ចារ្យជាង និងមានគំនិតច្នៃប្រឌិតខ្ពស់ ជាងកំពូលស្មាតហ្វូនដទៃទៀត ដែលអ្នកប្រើប្រាស់នឹងទទួលបាន បទពិសោធន៍ថ្មីបំផុតមិនធ្លាប់មាន។ ត្រកូល Mate ជំនាន់ថ្មីនេះ មានភាពលេចធ្លោខ្លាំង និងមានលក្ខណៈសម្បតិ្តពិសេសៗជាច្រើន ដែលអ្នកប្រើប្រាស់ដឹងតែពេញចិត្តខ្លាំង និងលង់ស្នេហ៍តែម្តង។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group លោក Richard Yu បានលើកឡើងថា «ស្មាតហ្វូនដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងយល់ពីពិភពឌីជីថល។ ត្រកូល Mate 20 របស់យើង រចនាឡើង ដើម្បីឲ្យក្លាយជាស្មាតហ្វូនល្អបំផុត សម្រាប់អ្នកប្រើប្រាស់ បំពេញតំរូវការបានកាន់តែច្រើនជាងមុន ឆ្លាតវៃជាង អស្ចារ្យជាង ជាមួយថាមពលថ្មខ្លាំង និងដំណើរការដោយកាមេរ៉ាពិសេស ឥតខ្ចោះបំផុតមិនធ្លាប់មាន»។
កំពូលកាម៉េរាបីគ្រាប់ របស់ Leica បំពាក់លើ Mate 20 និង Mate 20 Pro អាចថតរូប Ultra-Wide Angle Lens បានម៉ាអ៊ែម ដោយប្រើ 16mm Leica Ultra-Wide Angle Lens ដែលអាចថតរូបបាន ផ្ទៃកាន់តែធំ ជាងមុន ថតបានលម្អិត ហើយច្បាស់ និងសមត្ថភាពថតជាប់សូម្បីតែវត្ថុតូចៗ ក្នុងផ្ទៃរូបភាព ដែលមានចម្ងាយចាប់ពី 2.5cm ពី lens របស់កាមេរ៉ា។ មុខងារថតដ៏ឆ្លាតវៃនៃបច្ចេកវិទ្យា Master AI ឈានមុខរបស់កំពូល ស្មាតហ្វូនទាំងពីរនេះ អាចស្គាល់ប្លង់រូបភាពជម្រើស Background ដ៏សំបូរបែប ផ្លាស់ប្តូរពណ៌ ថតរូបបានល្អជាងស្មាតហ្វូនដទៃដាច់តែម្តង។
មិនតែប៉ុណ្ណោះ សម្រាប់ Lens របស់កំពូលស្មាតហ្វូនទាំងពីរនេះ ក៏មានមុខងារ 5x optical zoom ទៀតផង។ ចំពោះការថតវីឌីអូវិញ កំពូលកាមេរ៉ានេះ មានមុខងារ AI filmmaking ដែលអាចថតបែប Cinematic មានជម្រើសច្រើនពណ៌ និងទំរង់ ជាពិសេសថតវីឌីអូបានកំរិត 4K និង Super Slow Motion។ បន្ទះឈីប Kirin 980 ជា SoC ដំបូងគេបង្អស់របស់ពិភពលោក ប្រើ Cortex-A76-based cores ដែលធ្វើឲ្យកំពូលស្មាត ហ្វូននេះ ក្លាយជាអធិរាជល្បឿន ដំណើរការលឿនគ្រាន់គូប្រៀប មិនរំអាករអួលនិងសន្សំសំចៃថ្មបានកាន់តែច្រើន ។
Mate 20 មានថាមពលថ្ម 4000mAh រីឯ Mate 20 Pro 4200mAh ដែលធ្វើឲ្យអ្នកលែងបារម្ភ បញ្ហាទូរស័ព្ទអស់ថ្មទៀតហើយ។ អ្នកអាចប្រើបានពេញមួយថ្ងៃ ឬរហូតដល់មួយថ្ងៃកន្លះ ដោយមិនចាំបាច់សាក។ បច្ចេកវិទ្យា HUAWEI 40W Super Charge អាចសាកថ្មបានលឿន ដែលអ្នកចំណាយពេលសាកត្រឹមតែ៣០នាទីប៉ុណ្ណោះ ថាមពលថ្មមានរហូតដល់ ៧០%។ អីចឹងនូវបារម្ភរឿងសាកថ្មយូរ ប្រើឆាប់អស់អីទៀតហ៎! ឡួយអស់ស្ទះ! ត្រកូល Mate 20 Pro បំពាក់ដោយ Wireless charging solution លឿនជាងគេបង្អស់ និង Wireless Reverse Charge ដែលអ្នកអាចប្រើកំពូលស្មាតហ្វូននេះ ជំនួស Power Bank បាននៅពេលទូរស័ព្ទ ម៉ាកផ្សេងដែលប្រើ Wireless charger អស់ថ្ម។
ត្រកូល Mate ជំនាន់ថ្មីនេះ មានរូបរាង និងការរចនាល្អឥតខ្ចោះ អេក្រង់ពេញតួ ប្រភេទកោងកប់គែម ភ្លឺរលោង គួរឲ្យទាក់ទាញ ខាងមុខ និងខាងក្រោយការពារ ដោយកញ្ចក់រឹងមាំស្វិត មិនងាយបែក និងអាចកាត់បន្ថយ ស្នាមម្រាមដៃ។ Huawei Mate 20 មានអេក្រង់ដែលមានសមត្ថភាព បង្ហាញរូបភាពកម្រិត Full HD+ LCD ជាមួយនឹងពណ៌ឌិតច្បាស់។ ចំណែកឯ Mate 20 Pro វិញ មានអេក្រង់ OLED ផ្ដល់ពណ៌ឌិតជាង។ Mate 20 មានសេនស័រស្កេនក្រយៅដៃ នៅផ្នែកខាងក្រោមកាមេរ៉ា ដែលអាចដោះសោរ បានរហ័សបំផុត រីឯ Mate 20 Pro មានមុខងារដោះសោរ នៅលើផ្ទៃអេក្រង់ខាងមុខ ដែលបង្កប់នៅលើអេក្រង់ផ្ទាល់ ស្គាល់ម្រាមដៃបានរហ័ស និងមានសុវត្ថិភាព។
កំពូលស្មាតហ្វូនទាំងពីរនេះ មានជម្រើសច្រើនពណ៌ ពណ៌កាលីបទាន់សម័យ គឺ បៃតង ខៀវ ខ្មៅ និង Twilight ដែលមានពីរពណ៌បញ្ចូលគ្នាតែមួយ ដែលប្រែពណ៌ទៅតាម ពន្លឺនៅជុំវិញ។ តាមដំណឹងពីខាងក្រុមហ៊ុន នៅកម្ពុជានឹងបើកកម្ម៉ង់ទុកមុនឆាប់ៗ ជាមួយនឹងតម្លៃធូរថ្លៃជាងប្រទេសជិតខាង ជាមួយនឹងកាដូប្លែកៗល្អៗ ដែលនឹងចេញលក់នៅលើទីផ្សារ នៅដើមខែវិច្ឆិកាខាងមុខ៕