(ភ្នំពេញ)៖ ខណៈដែលតម្រូវគ្រឿងយន្ដកសិកម្ម នៅក្នុងប្រទេសកម្ពុជា កំពុងតែមានសន្ទុះកើនឡើងជាបន្ដបន្ទាប់ បានធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកមួយ គឺក្រុមហ៊ុន ម៉ែន សារុន អ៊ឹមឌី អ ខូ អិល ធី ឌី សហការជាមួយក្រុមហ៊ុនត្រាក់ទ័រជប៉ុន ម៉ាកយាន់ម៉ា សម្រេចចិត្តនាំចូល និងចែកចាយ ត្រាក់ទ័រម៉ាក សូលីស (Solos) ពីប្រទេសឥណ្ឌា ដើម្បីមកបំពេញតម្រូវការក្នុងស្រុក។
ជាក់ស្ដែង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការ និងចុះកិច្ចព្រមព្រៀង ចែកចាយផលិតផល ត្រាក់ទ័រម៉ាក សូលីស (Solos) នៅកម្ពុជា ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងនូវការចូលរួមអបអរសារទរ ជាមួយនឹងការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមហ៊ុន ម៉ែន សារុន អ៊ឹមឌី អ ខូ អិល ធី ឌី ដែលមានបំណងបោះទុនវិនិយោគ ក្នុងវិស័យកសិកម្ម ដោយបានសម្រេចចិត្តនាំចូល និងចែកចាយ ផ្តាច់មុខនូវត្រាក់ទ័រម៉ាក សូលីស ដាក់លក់នៅក្នុងកម្ពុជា។
ត្រាក់ទ័រម៉ាក សូលីស ជាប្រភេទត្រាក់ទ័រ ផលិតនៅប្រទេសឥណ្ឌា ដោយក្រុមហ៊ុន International Tractor Limited ដែលបានសហការជាមួយក្រុមហ៊ុនត្រាក់ទ័រជប៉ុន ម៉ាកយាន់ម៉ា ហើយមានបទពិសោធន៍លក់ និងចែកចាយនៅលើទីផ្សារ បណ្តាប្រទេសចំនួនជាង១០០ នៅលើពិភពលោក។
លោក វេង សាខុន បានបន្ថែមទៀតថា ការបោះទុនវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ គឺបាននិងកំពុងដើរស្រប ជាមួយយុទ្ធសាស្រ្តថ្មី និងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យជាអាទិភាពនានា ជាពិសេស ចក្ខុវិស័យវិស័យកសិកម្ម គឺប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើប។
លោកបន្ដទៀតថា បានប្រែក្លាយកសិកម្មកម្ពុជា ឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ជាមួយនឹងការលើកកម្ពស់ ការវិនិយោគផ្ទាល់ពីបរទេស និងវិស័យឯកជនក្នុងស្រុក ដែលជាឧបករណ៍គន្លឹះ ដើម្បីសម្រេចបានតាមគោលដៅ នៃយុទ្ធសាស្រ្តកំណើនថ្មីរបស់កម្ពុជា។
ម៉្យាងទៀត គឺបានឆ្លើយតបទៅនឹងនិន្នាការ នៃការថយចុះ នៃការប្រើប្រាស់កម្លាំងពលកម្ម ក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន ដែលយើងបានសង្កេតឃើញថា ប្រជាកសិករបានភ្ជួររាស់ដោយ គោ ក្របី នៅសល់ប្រមាណតែ ៣,៦២% និងដោយគ្រឿងយន្ត បានកើនឡើងរហូតដល់ប្រមាណ៩៦,៣៨%។
«ទន្ទឹមនឹងនេះ តាមការសិក្សាស្រាវជ្រាវកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មនៅកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុកពី៨០% នៅឆ្នាំ១៩៩៣ មកត្រឹម ៦០% នៅឆ្នាំ២០០៥ និងបានបន្តធ្លាក់មកជិត៤០% នៅឆ្នាំ២០១៧ កន្លងមកនេះ»។ នេះជាការគូសបញ្ជាក់របស់ លោករដ្ឋមន្ដ្រី វេង សាខុន។
ជាមួយគ្នានោះ លោក វេង សាខុន ក៏បានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ក្នុងការនាំចូលនូវគ្រឿងយន្តកសិកម្មនេះ ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៅលើ៖
១៖ ការរិះរក និងស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីឈានទៅដល់ការបំពាក់ដល់គ្រឿងយន្តកសិកម្មបន្ថែមទៀត លើការរៀបចំដី ការសាបព្រោះពូជនិងការប្រមូលផល ដំណាំឲ្យមានលក្ខណៈសមស្រប ទៅនឹងសេចក្តីត្រូវការ ជាក់ស្តែងរបស់កសិករកម្ពុជា នាពេលបច្ចុប្បន្ន ស្របតាមលក្ខណៈភូមិសាស្រ្ត និងប្រភេទដីនៅកម្ពុជា ជាពិសេសការផ្គត់ផ្គង់នេះ ធ្វើឡើងស្របទៅតាមរបត់ថ្មី នៃការចូលរួមធ្វើបដិវត្តន៍ឧស្សាហកម្ម ដំណាក់កាលទី៤ នាសម័យកាល Digital ។
២៖ ការប្រើប្រាស់ឲ្យបានយូ ដោយមានភាពធន់នឹងការប្រើប្រាស់ ជាមួយនឹងការផ្តល់សេវាល្អប្រសើរដល់អ្នកប្រើប្រាស់៕