(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូល សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ ម្ហូបអាហារ នៅផ្សារជម្ពូវ័ន្ត រាជធានីភ្នំពេញ ដើម្បីស្វែងរកសារធាតុគីមី ច្បាប់ហាមឃាត់ ដែលនាំឲ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ។
ការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលទំនិញ ខាងលើនេះ ដឹកនាំដោយលោក ចាន់ ភាហឿន អនុប្រធានប៉ុស្តិ៍, លោក តន់ បូរ៉ា, លោក អាង មីនា, លោក លីហេង ប៊ុនឡែន និងមានកិច្ចសហការពី មន្ត្រីមន្ទីរ ពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងរថយន្តពិសោធន៍ចល័ត មន្ត្រីប្រចាំការ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងមន្រី្តមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារជម្ពូវ័ន។
ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូល ក៏បានណែនាំដល់អាជីវករ អំពីការរក្សាទុកទំនិញ ឲ្យបានត្រឹមត្រូវ និងយល់ដឹងអំពីការទទួលខុសត្រូវចំពោះច្បាប់ លើផលិតផល ទំនិញ ម្ហូបអាហាររបស់ខ្លួន ដែលដាក់តាំងលក់ កាលណា មានប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ភាពប្រឈមនឹងមុខច្បាប់ ដល់អាជីវករ ដែលបាននាំយក និងទទួលមកដាក់លក់ នូវរាល់មុខទំនិញ ដែលគ្មានគុណភាព និងគ្មានប្រភពដើមច្បាស់លាស់ជាដើម។
មន្ត្រីកាំកុងត្រូល សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានយកគំរូ ផលិត ម្ហូបអាហារ ចំនួន២០គំរូ ដូចជា៖ ផលិតផលគ្រឿងសមុទ្រ, ប្រហិតគ្រប់ប្រភេទ និង ផ្អកម៉ាំ ប្រហុកជាដើម -ល- ដើម្បីស្វែងរកសារធាតុគីមី ច្បាប់ហាមឃាត់ ដែលនាំឲ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ។
ជាលទ្ធផលក្រោយពីបាន ធ្វើវិភាគបឋមនៅនឹងកន្លែង ដោយមន្ត្រីមន្ទីរពិសោធន៍ រថយន្តពិសោធន៍ចល័ត៖ បានរកឃើញនៅក្នុងប្រហិតត្រីឆ្លាត មានវត្តមានសារធាតុគីមីហាមឃាត់ (បូរ៉ាក់ ) ចំនួន២.៥០គីឡូក្រាម។ សមត្ថកិច្ច បានធ្វើនិតិវិធីដកហូតយក ទៅកំទេចចោល និងកំពុងស្រាវជ្រាវបន្ត រកប្រភពចែកចាយផងដែរ៕