(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ទឹកព្រែកទប់ គឺរដ្ឋបាលខេត្តបានឈប់យកមកផ្គត់ផ្គង់ និងចែកចាយប្រើប្រាស់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយទឹកបឹងនេះមានទឹកស្អុយហូរចូល មិនអាចយកមកប្រើប្រាស់ដូចមុនឡើយ ដោយបច្ចុប្បន្នទឹកស្អាត បានទាញយកប្រភពទឹកពីព្រែកទឹកសាបក្បាលឆាយ យកមកប្រើប្រាស់រហូតមក។
បើតាមសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តព្រះសីហនុ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា បឹងព្រែកទប់កណ្តាលក្រុងព្រះសីហនុ នឹងត្រូវកែច្នៃជាកន្លែងទេសចរណ៍ លែងប្រើប្រាស់ជាប្រភពផ្គត់ផ្គង់ទឹកសាបទៀតហើយ។
សូមជម្រាបថា ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មនានាជុំវិញការលុបបឹងមួយនេះ ក៏ដូចជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាត់ផ្ទៃដីជាង ១១ហិកតាចេញពីតំបន់អភិរក្សបឹងព្រែកទប់។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ដែរថា នៅក្នុងគម្រោងដែលបានគ្រោងទុក គឺមានសាងសង់នូវផ្លូវកាត់បឹងព្រែកទប់ ដើម្បីបញ្ជៀសចរាចរ ព្រមទាំងមានការរៀបចំតុបតែងលម្អដោយភ្លើងពណ៌ផងដែរ។ ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ព្រមទាំងឲ្យក្លាយទៅជារមនីយដ្ឋានទេសចរណ៍កម្សាន្ត ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត៕