(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង នៃកងយោធពលខេមរភូមិន្ទ ស្តីពីគោលបំណង នៃការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់អគ្គបញ្ជាការ នៃកងយោធពលខេរភូមិន្ទ។
កិច្ចប្រជុំនេះ ដើម្បីឱ្យយោធិនក្នុងអគ្គបញ្ជាការដ្ឋាន និងកងឯកភាពចំណុះ បានយល់ច្បាស់អំពីរចនាសម្ព័ន្ធតួនាទីភារកិច្ច ការទទួលខុសត្រូវ របៀបរបបធ្វើការងារ ទប់ស្កាត់រាល់ការល្មើសវិន័យ ឬហេតុអាក្រក់ណាមួយ និងធ្វើឱ្យយោធិនទាំងអស់សាមគ្គី ព្រមទាំងឯកភាពគ្នាក្នុងការបំពេញភារកិច្ច។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានផ្តាំឱ្យយោធិនទាំងអស់ត្រូវចូលរួមបំពេញភារកិច្ច ក្នុងការការពារបូរណភាពទឹកដីតាមយុទ្ធសាស្រ្ត របស់ប្រមុខរាជរដ្ឋាភិបាល៕