(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្រកាសគាំទ្រការស្នើសុំចូលជាសមាជិកសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) របស់តំណាងរោងចក្រផលិតសម្ភារធ្វើដំណើរ (Travel Goods) ដែលបាននឹងកំពុងវិនិយោគនៅកម្ពុជា ដើម្បីពង្រីកសក្តានុពលវិស័យវាយនភណ្ឌ ជាពិសេសមុខទំនិញផលិតនៅកម្ពុជា សំដៅធ្វើពិពិធកម្មការនាំចេញឱ្យបានអតិបរមាទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
ការប្រកាសគាំទ្ររបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាពក្នុងការចូលជាសមាជិក (GMAC) របស់តំណាងរោងចក្រផលិតសម្ភារធ្វើដំណើរ ដែលរៀបចំកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំអង្គរវត្ត នៃទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តតំណាងរោងចក្រផលិតសម្ភារធ្វើដំណើរទាំងអស់រាយការណ៍ជូនថ្នាក់ដឹកនាំរបស់ខ្លួន រួចបំពេញទៅតាមលក្ខខណ្ឌតម្រូវមួយចំនួនរបស់សមាគម ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលដូចជា៖ ការបញ្ចុះតម្លៃអគ្គិសនី, ការលើកលែងកម្រៃសេវានាំចេញ និងការទទួលបានភាពអនុគ្រោះពន្ធ ពីទីផ្សារសំខាន់ៗនៅតាមបណ្តាប្រទេសជាដៃគូរបស់កម្ពុជា។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា បច្ចុប្បន្នតាមរយៈការគាំទ្រ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ចាប់តាំងពីឆ្នាំ២០១១ បានធ្វើឱ្យរោងចក្រផលិតសម្លៀកបំពាក់ចំនួន៤៦៣ រោងចក្រផលិតស្បែកជើងចំនួន៥៥ និងរោងចក្រផលិតសម្ភារធ្វើដំណើរចំនួន១៨ បានចូលជាសមាជិក GMAC ហើយបច្ចុប្បន្នរោងចក្រទាំងអស់កំពុងរីករាយជាមួយការនាំចេញទំនិញទៅកាន់គោលដៅទីផ្សារធំៗនៅក្នុងពិភពលោក។
លោក Albert TEOH តំណាងលោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានជម្រាបជូនអង្គប្រជុំអំពីប្រវត្តិសមាគម GMAC ដែលបង្កើតឡើងនៅឆ្នាំ១៩៩៦ ក្នុងគោលបំណងធានាការអភិវឌ្ឍ និងធ្វើឱ្យមានភាពរីកចម្រើនវិស័យវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ ដើម្បីធ្វើពិពិធកម្មឱកាសការងារជូនប្រជាជន និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា។ លោក Albert TEOH បានបន្តទៀតថា ឥឡូវនេះ កម្ពុជាបានក្លាយជាដៃគូជាទីគាប់ចិត្ត របស់ទីផ្សារលក់សម្លៀកបំពាក់ និងស្បែកជើងពិភពលោក ដែលមានលក្ខណៈប្រកួតប្រជែង។
ទន្ទឹមគ្នានោះដែរ តំណាងម្ចាស់រោងចក្រផលិតសម្ភារៈធ្វើដំណើរ ដែលបានចូលជាសមាជិក GMAC បានវាយតម្លៃខ្ពស់ចំពោះអត្ថប្រយោជន៍ដែលទទួលបានពីសមាគម បន្ថែមពីលើការផ្តល់ជូនយ៉ាងច្រើនពីរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ការទទួលបាននូវពត៌មានទីផ្សារសំខាន់ៗ ការបណ្តុះបណ្តាល សេវាដោះស្រាយវិវាទការងារ និងប្រឹក្សាយោបល់ឥតគិតថ្លៃជាដើម។ល៕