(ភ្នំពេញ)៖ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ឲ្យវិស័យផ្សារមូលបត្រកម្ពុជា ឬហៅដោយសាមញ្ញាថាទីផ្សារភាគហ៊ុន មានសន្ទុះខ្លាំងត្រឹមរយៈពេល៣ឆ្នាំនោះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន ក្នុងតំបន់អាស៉ី ឲ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ការខិតខំនេះបានបង្ហាញឡើងតាមរយៈ គណៈប្រតិភូរបស់​ក្រុមហ៊ុន​​ផ្សារមូលបត្រកម្ពុជា​ ដឹកនាំដោយលោក ហា ចុងវ័ន​ (Jong Weon HA) អគ្គនាយករងនៃ CSX ដោយមាន​ការគាំទ្រពីសំណាក់​ សមាគមក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ (The Association of Investment Management Companies​ - AIMC) កាលពីថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨​​​​ បានរៀបចំធ្វើសិក្ខាសាលាមួយក្រោមប្រធានបទ «ការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា» នៅទីស្នាក់ការ AIMC ក្នុងទីក្រុងបាងកក ប្រទេសថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា បានបញ្ជាក់ថា «សិក្ខាសាលានេះគឺជាគម្រោងផ្តួចផ្តើមថ្មីដោយ​ CSX ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង​ ជាមួយវិនិយោគិនជាស្ថាប័ននៅ​​បរទេស ជាពិសេសគឺប្រទេសនៅក្នុង​តំបន់អាស៉ីដូចជា ថៃ ម៉ាឡេស៉ី សឹង្ហបុរី សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសផ្សេងៗទៀត និងពិភាក្សាជាមួយពួកគេអំពី​ឱកាសវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា ដែលជាទីផ្សារថ្មី​តែប្រកបដោយ​សក្តានុពល​»

តាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងបន្តថា ប្រទេសថៃជាគោលដៅដំបូងសម្រាប់រៀបចំសិក្ខាសាលានេះ ដោយក្នុង​​ជំនួបលើកដំបូងនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រួមជាមួយ​អ្នកតំណាងពីររូបរបស់សមាជិក ក្រុមហ៊ុន​​ផ្សារមូលបត្រកម្ពុជាមកពី​ ក្រុមហ៊ុន​មូលបត្រ អេសប៊ីអាយ ​រូយ៉ាល់ ស៊ីឃ្យួរឹធី និងក្រុមហ៊ុន​មូលបត្រ​យាន់តា ស៊ីឃ្យួរឹធី បានធ្វើបទបង្ហាញ និងជួបពិភាក្សា​ជាមួយនឹងភាគី AIMC ដែលជាសមាគមពាណិជ្ជកម្មមួយ តំណាងឲ្យសហគ្រាសគ្រប់គ្រងការវិនិយោគទុនក្នុងប្រទេសថៃ និងសមាជិកជាច្រើនទៀតរបស់ AIMC ដែលជា​​ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដូចជា មូលនិធិសង្គហៈ (Mutual funds) មូលនិធិឯកជន (Private funds) និងមូលនិធិសោធន-និវត្តន៍ (Provident funds)។ ​

សូមជម្រាបថា ​​សិក្ខាសាលានៅបរទេសជាលើក​​​​​​ដំបូងសម្រាប់វិនិយោគិនជា​ស្ថាប័ន​​នេះ បានបញ្ចប់ទៅប្រកប​ដោយ​​ផ្លែផ្កានិងភាពស្និតស្នាល ដោយមានការចូលរួមពីសំណាក់​ អ្នកតំណាងមកពីក្រុមហ៊ុនគ្រប់គ្រងការ​វិនិយោគចំនួន៧ ដែលបានចែករំលែកនូវមតិយោបល់ និងចំណាប់អារម្មណ៍របស់ពួកគេ ទៅលើអនាគតផ្សារភាគហ៊ុនរបស់កម្ពុជា។ បន្ទាប់ពីសិក្ខាសាលានេះ CSX រំពឹងថាក្រុមហ៊ុនទាំងនេះ នឹងមកវិនិយោគនៅក្នុង​ផ្សារមូលបត្រ​កម្ពុជា​ នាពេលអនាគតខាងមុខនេះ​ ផងដែរ៕