(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីលទ្ធផល និងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជាដែលដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
មហាសន្និបាតនេះ ដឹកនាំដោយលោកស្រី ហ្គាប្រ៊ីឡា គូអេវ៉ាស បារ៉ុន ប្រធានអង្គប្រជុំ ដែលមានអ្នកចូលរួមចំនួន១,៣០០រូប មកពី១៣០ប្រទេស មានប្រធានសភាចំនួន៥០ និងអនុប្រធានសភាចំនួន៤០ រួមទាំងសមាជិក សមាជិកាសភាចំនួន៧០០នាក់ ក្នុងនាមជាសមាជិកសភាវ័យក្មេងចំនួន២០% និង៣៣% សមាជិកសភាជាស្រ្តី។
នៅក្នុងព្រឹត្តិការណ៍នេះ គណៈប្រតិភូសភាកម្ពុជា បានចូលរួមក្នុងសម័យប្រជុំពេញអង្គ និងកិច្ចប្រជុំពាក់ព័ន្ធចំនួន១៣ទៀត រួមមាន៖ កិច្ចប្រជុំអាស៊ានបូកបី, កិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៊ី(APA), កិច្ចប្រជុំក្រុមភូមិសាស្ត្រ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APG), កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី១ សន្តិភាព និងសន្តិសុខអន្តរជាតិ, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី២ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី៣ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី៤ កិច្ចការអង្គការសហប្រជាជាតិ, កិច្ចប្រជុំវេទិកាសមាជិកសភាជាស្រ្តីលើកទី២៨, កិច្ចប្រជុំវេទិកាសមាជិកសភាវ័យក្មេងរបស់សហភាពអន្តរសភា, កិច្ចប្រជុំសមាគមអគ្គលេខាធិការសភា(ASGP) និងកិច្ចប្រជុំជាមួយគណៈកម្មាធិការសិទ្ធិមនុស្ស នៃសមាជិកសភា។
ក្រៅពីអញ្ជើញឡើងថ្លែងសុន្ទរកថា ក្រោមប្រធានបទ «ភាពជាថ្នាក់ដឹកនាំសភាក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍន៍ក្នុងយុគសម័យ នៃនវានុវត្តន៍ និងការផ្លាស់ប្តូរតាមបែបបច្ចេកវិទ្យា» ដែលជាប្រធានបទសម្រាប់ការពិភាក្សារួមរបស់អង្គមហាសន្និបាត។
ថ្លែងក្នុងឱកាសនោះដែរ ក្រៅពីចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទនេះ លោកស្រី ឃួន សុដារី បានយកឱកាសជម្រាបជូនមហាសន្និបាតទាំងមូល ពីដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងលើកពីអតីតកាល កម្ពុជាត្រូវបានពិភពលោកស្គាល់ថា វាលពិឃាដ តែបច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានល្បីឈ្មោះថា ជាគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាងនេះទៀត ប្រទេសកម្ពុជាតែងតែបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង៥លាននាក់ ជារៀងរាល់ឆ្នាំ។
កាលពីមុនប្រទេសកម្ពុជា ត្រូវបានគេដាក់ស្លាកឲ្យថា ជាប្រទេសមិនមានការអភិវឌ្ឍសេដ្ឋកិច្ចឡើយ តែឥឡូវនេះ បែរជាគេទទួលស្គាល់ថា ជាប្រទេសមួយ មានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ហើយថ្មីៗនេះ បានជាប់ចំណាត់ថ្នាក់ដោយជោគជ័យថា ជាប្រទេសមានកំណើនចំណូលទាប ផ្អែកលើអត្រាកំណើនសេដ្ឋកិច្ច៧% ជាប្រចាំឆ្នាំ អស់រយៈពេលជាង២ទសវត្ស។
លោកស្រី ឃួន សុដារី បានជម្រាបជូនអង្គមហាសន្និបាត អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលគណបក្សនយោបាយចំនួន២០បានចូលរួម និងមានអ្នកទៅបោះឆ្នោតជិត៧លាននាក់ បើគិតជាភាគរយ គឺ៨៣.០២% នៃអ្នកចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោតសរុប បានបោះឆ្នោត និងបានធ្វើការជ្រើសរើសតាមបែបផែននយោបាយដោយសេរីរបស់ខ្លួន ជាមួយនេះមានអ្នកសង្កេតការណ៍ចំនួន៨០,០០០នាក់ ក្នុងនោះអ្នកសង្កេតការណ៍អន្តរជាតិចំនួន៥៣៩នាក់ មកពី៧០ប្រទេស ដែលបានទទួលស្គាល់ថា ការបោះឆ្នោតនៅកម្ពុជា ជាដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងស្ថេរភាពជាទូទៅនៅកម្ពុជា។ លោកស្រី ប្រធានបានសង្កត់ធ្ងន់ថា គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍ គឺគ្មានសន្តិភាព។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោកស្រីប្រធាន និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ការប្រីឡា គូអេវ៉ាស បារ៉ុន ប្រធានអាយភីយូ ហើយដែលផ្តល់ឱកាសលោកស្រីប្រធានប្រតិភូ បានជម្រាបជូនបន្ថែម អំពីសភាពការណ៍ពិតរបស់កម្ពុជា ពិសេសពីជំហររបស់កម្ពុជា ចំពោះការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយបញ្ជាក់ថា កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យពហុបក្ស និងការគ្រប់គ្រងប្រទេសដោយច្បាប់ ដើម្បីធានាការការពារនូវសន្តិភាព និងការអភិវឌ្ឍន៍ ជារដ្ឋមួយមានអធិបតេយ្យភាព ឯករាជ្យ បូរណភាពដែនដី ជាមួយនឹងការជំរុញវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។
ក្នុងស្មារតីលើកកម្ពស់ និងពង្រឹងវិស័យការទូតសភា គណៈប្រតិភូសភាកម្ពុជា បានបោះឆ្នោតគាំទ្របេក្ខភាពសភាតំណាងប្រជាជនចិន នៅក្នុងគណៈកម្មាធិការ ប្រតិបត្តិរបស់អាយភីយូ នាកិច្ចប្រជុំអាស៊ានបូក៣ និងគាំទ្របេក្ខភាពព្រឹទ្ធសភាប៉ាគីស្ថាន នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការ អង្គសហប្រជាជាតិ នាកិច្ចប្រជុំក្រុមភូមិសាស្រ្តតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទៅតាមសេចក្តីស្នើសុំរបស់សភាភាគីមិត្តទាំងពីរ។
លោកស្រី ឃួន សុដារី បានចូលរួមបោះឆ្នោតជ្រើសរើសរបៀបវារៈបន្ទាន់នាពេលនោះដែរ ហើយអង្គមហាសន្និបាតទាំងមូល បានសម្រេចជ្រើសរើស ប្រធានបទស្តីពី ការប្រែប្រួលអាកាសធាតុ ជារបៀបវារៈបន្ទាន់។ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្ស នៃសមាជិកសភាអាយភីយូ ទាក់ទងនឹងកម្ពុជា ត្រូវបានគណៈប្រតិភូសភាកម្ពុជាធ្វើការបដិសេធ និងច្រានចោលទំាងស្រុងជាផ្លូវការនៅចំពោះមុខអង្គមហាសន្និបាត។
នៅថ្ងៃបិទបញ្ចប់ អង្គមហាសន្និបាត បានអនុម័តរបាយការណ៍កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍របស់អាយភីយូ ទី១៖ សន្តិភាព និងសន្តិសុខអន្តរជាតិ, ទី២៖ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម និងទី៣៖ កិច្ចការអង្គការសហប្រជាជាតិ រួមនិងលទ្ធផលកិច្ចពិភាក្សាទូទៅ និងសម្រេចដាក់ចេញ សេចក្តីសម្រេចចំនួន២ គឺ៖ ទី១៖ការពង្រឹងកិច្ចសហការសភាស្តីពីទេសន្តរប្រវេសន៍ និងការគ្រប់គ្រងក្នុងទស្សនៈ ជុំវិញការអនុម័តស្តីពីទេសន្តរប្រវេស នៅលើពិភពលោកប្រកបដោយសុវត្ថិភាព របៀបរៀបរយ និងនិយ័តភាព និងទី២៖ ការប្រែប្រួលអាកាសធាតុ យើងទាំងអស់គ្នាមិនត្រូវឈានដល់បន្ទាត់នេះទេ៕