(រតនគិរី)៖ កម្លាំងនគរបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានបើកប្រតិបត្តិការជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ព្រមទាំងដកហូតវត្ថុតាងបានម្សៅក្រាមពណ៍សថ្លាសង្ស័យថ្នាំញៀនចំនួន ២ថង់ (តូច១ថង់) នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិអ៊ុន និងភូមិត្រាង ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។
លោកអនុសេនីយ៍ឯក គង់ សុភី អធិការរងស្រុកអូរយ៉ាដាវទទួលផ្នែកគ្រឿងញៀន បានឱ្យដឹងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានទី១៖ ឈ្មោះ បាង ប៊ុនហ្វុង អាយុ២៥ឆ្នាំ ជនជាតិឡាវ (មុខសញ្ញាសេព) ទី២៖ ឈ្មោះ រម៉ាម វ៉ន អាយុ២៨ឆ្នាំជនជាតិច្រាយ (មុខសញ្ញាសេព) ទី៣៖ឈ្មោះ បេត ម៉ែន អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (មុខសញ្ញាសេព) ទី៤៖ ឈ្មោះ សល់ អូមើត ភេទប្រុស ជនជាតិខ្មែរឥស្លាម (មុខសញ្ញាសេព)។
លោកអធិការរងរូបនោះ បានបញ្ជាក់ទៀតថា ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តរតនគិរី កម្លាំងបានប្រើវិធានជំនាញផ្អែកតាមការស្រង់ចម្លើយឈ្មោះ រម៉ាម វ៉ន នៅសៀលថ្ងៃទី១៨ ខែតុលា បានចុះឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មម្នាក់ទៀត ឈ្មោះមៀត អ៊ីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិត្រាង ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៍សថ្លា សង្ស័យថ្នាំញៀនចំនួន២ថង់(តូច១ថង់) ទូរស័ព្ទណូគាអិនចុចពិល១គ្រឿង។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យខាងលើ បានរក្សាទុក និងឃាត់ខ្លួននៅអធិការដ្ឋានស្រុកអូរយ៉ាដាវ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តខេត្តរតនគិរី ចាត់ការតាមនីតិវិធីច្បាប់៕