(សឹង្ហបុរី)៖ នៅក្នុងដំណើរទស្សនកិច្ច និងការចូលរួមវេទិកា Industrial Transformation Asia-Pacific 2018 ចាប់ពីថ្ងៃ១៦-១៨ ខែតុលា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរីលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការតំណាង លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានដឹកនាំប្រតិភូកម្ពុជារួមមាន៖ វិស័យឯកជនផងដែរ បានទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក Dato Chai Chor Meng ប្រធានសហព័ន្ធចិនទាជីវសឹង្ហបុរី ដែលជាសហព័ន្ធធំ មានឥទ្ធិពល និងមានទុនវិនិយោគដ៏ច្រើនជាងគេមួយ នៃប្រទេសសឹង្ហបុរី។
សហព័ន្ធមួយនេះ មានសមាជិកក្រុមប្រឹក្សារបស់ខ្លួនចំនួន៦១រូប សុទ្ធតែជាវិនិយោគិន និងពាណិជ្ជករធំៗ មានក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស និងក្រៅប្រទេស ហើយនៅក្នុងជំនួបពិភាក្សាការងារនោះ សហព័ន្ធមួយនេះ បានចាប់អារម្មណ៍លើសក្តានុពលវិស័យឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជា។
បន្ទាប់ពីបានស្តាប់បទឧទ្ទេសនាមដែលធ្វើឡើងដោយលោកបណ្ឌិត ហេង សុខគង់ ស្តីពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងសឹង្ហបុរី ជាពិសេសកម្ពុជាជាប្រទេសទី១ ដែលទទួលស្គាល់ឯករាជ្យ សឹង្ហបុរីមុនគេនៅឆ្នាំ១៩៦៥ រួមជាមួយនិងការអភិវឌ្ឍយ៉ាងលឿននៃសេដ្ឋកិច្ចកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាពដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។
វិស័យនានាមានការរីកច្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ កំណើនផលិតផលក្នុងស្រុកមានអត្រា៧.៧% ក្នុងរយៈពេលជាង២ទសវត្សរ៍ គួបផ្សំជាមួយអំណោយផលពីធម្មជាតិដែលទឹកដីកម្ពុជា កម្រ ឬមិនដែលកើតមាននូវគ្រោះមហន្តរាយធំៗដូចជា រញ្ជួយដី ស៊ូណាមិ ផ្ទុះភ្នំភ្លើង ខ្យល់ព្យុះ ឬទឹកជំនន់ធំៗជាដើម។
ក្នុងនោះ វិស័យឧស្សហកម្មបានចូលរួមក្នុងអត្រាកំណើន ៣០.១% នៃ GDP ក្នុងឆ្នាំ២០១៧ ពោលគឺមុនកាលកំណត់ដល់ទៅ៨ឆ្នាំ ដែលមានចែងក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ដល់២០២៥។
ជាមួយនិងគោលនយោបាយបើកចំហរ និងទីផ្សាសេរី នៅក្នុងសមាហរណកិច្ចសេដ្ឋកិច្ចអាស៊ាន កម្ពុជាដើរតួនាទីជាស្នូលដ៏សំខាន់មួយ ទាំងក្នុងទីតាំងភូមិសាស្ត្រ និងភាពជាអ្នកដឹកនាំ ដែលមានគោល នយោបាយគាំពារ និងលើកទឹកចិត្តយ៉ាងល្អប្រសើរដល់វិនិយោគិន។
ជាការឆ្លើយតបលោក Chai Chor Meng រួមជាមួយអនុប្រធាន និងសហការី បានថ្លែងកោតសរសើរយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្តារប្រទេសមួយនេះ ពីគំនរផេះផង់ នៃភ្នក់ភ្លើងសង្គ្រាម មកជាប្រទេសមួយដែលមានការរីកចម្រើនយ៉ាងលឿនក្នុងតំបន់។ លោកប្រធានសន្យា នឹងដឹកនាំប្រតិភូវិនិយោគធំៗ នៃសហព័ន្ធចិនទាជីវសឹង្ហបុរី មកសិក្សាពី សក្តានុពលវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ខាងមុខនេះ ដោយផ្តោតជាសំខាន់លើវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម អេឡិចត្រូនិក ថ្នាំពណ៌ សំណង់ អចលនទ្រព្យ សុខាភិបាល ផ្សារទំនើប និងធនាគារជាដើម៕