(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនមួយករណី នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចផ្ទះសំណាក់យីហោ «តាំង ឡាយហុង» ស្ថិតក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី១០នាក់ និងថ្នាំញៀន១០កញ្ចប់។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងដោយ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ស្រី០២។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ លឹម វិឆៃ អាយុ១៨ឆ្នាំ រស់នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ, ទី២៖ឈ្មោះ ហាន់ វី អាយុ២៥ឆ្នាំ នៅភូមិខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ (មុខសញ្ញាចេញពីពន្ធាគា), ទី៣៖ឈ្មោះ ថុង ថៃ អាយុ១៩ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ (អវិជ្ជមាន), ទី៤៖ឈ្មោះ ហ៊ាន គីមហុង អាយុ១៧ឆ្នាំ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ (អវិជ្ជមាន), ទី៥៖ឈ្មោះ ហ៊ាង ស្រីដា ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ (អវិជ្ជមាន), ៦-ឈ្មោះ អេង លីហុង អាយុ១៨ឆ្នាំ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ, ទី៧៖ឈ្មោះ លី សុខហេង អាយុ១៩ឆ្នាំ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ (អវិជ្ជមាន) មុខសញ្ញាចេញពីមណ្ឌល, ទី៨៖ឈ្មោះ ភា វិសាល អាយុ២០ឆ្នាំ នៅភូមិនាងចាន់ ឃុំទ្រុងពពែ ស្រុករំដួល ខេត្តស្វាយរៀង (អវិជ្ជមាន), ទី៩៖ឈ្មោះ ហាក់ គីមស្រ៊ាង ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ (មុខសញ្ញាចេញពន្ធនាគា) និងទី១០៖ឈ្មោះ អ៊ុន វីសាន់ អាយុ១៨ឆ្នាំ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតបាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ១០កញ្ចប់ (ធំ០២កញ្ចប់ និងតូច០៨កញ្ចប់), ទូរស័ព្ទដៃ០៩គ្រឿង, ម៉ូតូ០២គ្រឿង និងសម្ភារវេចខ្ចប់ មួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕