(ភ្នំពេញ)៖ ក្នុងពិធី «ផ្ដល់ពានរង្វាន់ ដល់ក្រុមហ៊ុនឈានមុខ កម្មវិធីឧត្តមភាព» នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ លោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា បានជំរុញឲ្យបណ្ដាក្រុមហ៊ុននានា ទាំងអស់ទូទាំងប្រទេសកម្ពុជា ឲ្យចេះចាប់យកឱកាស នៃការទទួលបានហិរញ្ញប្បទាន តាមរយៈទីផ្សារមូលបត្រ។
លោក ស៊ូ សុជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយផ្ដល់នូវការយកចិត្តទុកដាក់ ខ្ពស់ និងដាក់ចេញនូវគោលនយោបាយ លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមដែលជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ។
លោកបានបញ្ជាក់ថា តាមរយៈនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាគណៈកម្មការមូលបត្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ គាំទ្រដល់ការអភិវឌ្ឍខ្លួន របស់សហគ្រាសធុនតូច និងមធ្យម ដោយបានជំរុញចេញនូវយន្តការ ផ្ដល់ហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម។
ជាមួយគ្នានេះ លោក ស៊ូ សុជាតិ បានថ្លែងថា «ក្នុងនាមជាអគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា ខ្ញុំសូមជំរុញផងដែរ ដល់ក្រុមហ៊ុនក្នុងការចាប់យកឱកាស នៃការទទួលបានហិរញ្ញប្បទាន តាមរយៈទីផ្សារមូលបត្រ»។
អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានបន្ថែមថា ជាការពិតណាស់ ដំណើការទីផ្សារមូលបត្រ គឺនៅមានកម្រិត ទាំងសកម្មភាពជួញដូរ ក៏ដូចជាទំហំទីផ្សារ ដោយគណៈកម្មការមូលបត្រកម្ពុជា មានក្រុមហ៊ុនមក ចុះបញ្ជីចំនួន ៥ ហើយក្រុមហ៊ុនទី៦ និងទី៧ បាននឹងកំពុងបញ្ចប់ការរៀបចំ និងត្រៀមខ្លួន ដើម្បីធ្វើការចុះបញ្ជី ក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ឆ្លើយតបនឹងស្ថានភាពនេះ សកម្មភាពជាច្រើន ត្រូវបានដាក់ចេញ និងអនុវត្តដោយគណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ទាំងការបណ្ដុះបណ្ដាល និងទាំងការផ្សព្វផ្សាយ ទាក់ទាញការចូលរួមក្នុងទីផ្សារ ពោលគឺជំរុញការចុះបញ្ជី ក្នុងទីផ្សារមូលបត្រ និងជំរុញការជួញដូរមូលបត្រ ក្នុងទីផ្សារផងដែរ៕