(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជូនមន្ដ្រីជំនាញមួយក្រុមចុះទៅពិនិត្យផ្ទាល់ និងស្រាវជ្រាវ នៅកន្លែងដែលសង្ស័យថាពុលស្រា នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ។
លោក លី សុវណ្ណ ដែលដឹកនាំក្រុមមន្ដ្រីជំនាញនេះផ្ទាល់ បានបញ្ជាក់ថា លោករដ្ឋមន្ដ្រី បានបញ្ជាឲ្យមន្ដ្រីជំនាញ ចុះទៅពិនិត្យ និងស្រាវជ្រាវភ្លាមជុំវិញករណីសង្ស័យថាពុលស្រានេះ ដើម្បីរកមូលហេតុឲ្យពិតប្រាកដថាតើ ករណីពិតជាពុលស្រាមែន ឬក៏យ៉ាងណា? និងដើម្បីមានវិធានទប់ស្កាត់។
សូមជម្រាបថា រហូតដល់ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ករណីសង្ស័យពុលស្រាស នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បានបណ្តាលឲ្យមនុស្សស្លាប់៣នាក់ ហើយចំនួនអ្នករងគ្រោះដែលបញ្ជូនទៅមន្ទីរពេទ្យស្រុក និងពេទ្យខេត្ត បានកើនដល់ ៤១នាក់ហើយ។ នេះបើតាមការអះអាងរបស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដែលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ការពុលនេះកើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ បានច្រូតស្រូវរួច ហើយបាននាំគ្នាផឹកស្រាសកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថបដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។
សម្រាប់ករណីស្លាប់ និងពុលអ្នកភូមិដែលអាជ្ញាធរសង្ស័យថា ពុលស្រាសនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែង នៅក្នុងភូមិនោះដើម្បីសាកសួរ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ក៏បានបញ្ជាក់ផងដែរថា ក្រោយកើតហេតុភ្លាមៗ និងក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងនគរបាលជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕