(ភ្នំពេញ)៖ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមៗ ពីជនរងគ្រោះ ថាមានក្រុមជនសង្ស័យ បានលួចលុយក្នុងរថយន្ដ ចំនួន១,៦០០ដុល្លារ កុំព្យូទ័រយួរដៃ១គ្រឿង ត្រាក្រុមហ៊ុនមួយ និងឯកសារក្រុមហ៊ុនមួយចំនួនផងនោះ, កម្លាំងនគរបាលប៉ុស្ដិ៍ឬស្សីកែវ នៃអធិការដ្ឋានខណ្ឌឬស្សីកែវ បានបញ្ចេញកម្លាំង តាមស៊ើបអង្កេតឃាត់ខ្លួនជាក់ស្ដែង ចំពោះជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានអនិតិជន២នាក់ អ្នកផ្សំគំនិតលួច២នាក់ និងអ្នកទទួលផលចោរកម្ម (ទទួលទិញ) ៣នាក់ ដោយដកហូតបានកុំព្យូទ័រ១គ្រឿង និងលុយចំនួន៧០,០០០រៀល។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ដែលបានបើកប្រតិបត្តិការនៅត្រង់ចំណុចផ្ទះលេខD២៨ ផ្លូវបេតុង ក្រុមទី១២ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា ចំពោះជនសង្ស័យទាំង៧នាក់ ដែលបង្ក្រាបបានក្នុងនោះមានអនិតិជន២នាក់ និងជាអ្នកលួចមានឈ្មោះ ហ៊ួន លីហាក់ ភេទប្រុស អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ សារឿន សម្បត្តិរក្សា ហៅខ្មៅ ភេទស្រី អាយុ១២ឆ្នាំ អនិតិជនទាំង២នាក់ ស្នាក់នៅផ្ទះជួលតាមបណ្ដោយផ្លូវរថភ្លើង ក្នុងក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ត្រូវបានលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការអប់រំដើម្បីឲ្យអាណាព្យាបាលមកធានាឲ្យត្រឡប់យកទៅផ្ទះវិញ។
លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងទៀតថា ចំពោះជនសង្ស័យពាក់ព័ន្ធផ្សំគំនិតក្នុងអំពើលួចទី១៖ឈ្មោះ ធឿន ចាន់ណាដែត ហៅដែត អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ (អ្នកលួច), ទី២៖ឈ្នោះ អ៊ុង ពុទ្ធី ហៅធី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ផ្សំគំនិត), ទី៣៖ឈ្មោះ អ៊ុង បូរិនកុម្ភៈ អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ (ទទួលផលចោរកម្ម), ទី៤៖ឈ្មោះ ធឿន រដ្ឋា ហៅឃៀង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (ទទួលផលចោរកម្ម), ទី៥៖ឈ្មោះ លឹម ស្រីកែវ អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ (ទទួលផលចោរកម្ម) ជនសង្ស័យទាំង៥នាក់ ស្នាក់នៅភូមិសង្កាត់កើតហេតុជាមួយគ្នា។ រីឯជនរងគ្រោះមានឈ្មោះ តាំង ហ៊ុយលីន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៧B ភូមិមាល់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ក្នុងអំពើលួចទ្រព្យសម្បត្តិផ្សំគំនិត និងទទួលផលចោរកម្ម ទាំង៥នាក់នេះដែរ គឺបានអនុវត្តឡើងភ្លាមៗ ទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ថាមានក្រុមជនសង្ស័យជាចោរបានធ្វើសកម្មភាពលួចក្នុងរថយន្ដ បណ្ដាលឲ្យបាត់បង់លុយ ចំនួន១៦០០ដុល្លារ កុំព្យូទ័រយួរដៃ១គ្រឿង ត្រាក្រុមហ៊ុនចំនួន១ និងឯកសារក្រុមហ៊ុនមួយចំនួន ទើបឈានដល់បើកការស្រាវជ្រាវ ដើម្បីកំណត់ពីអត្តសញ្ញាណរបស់ជនសង្ស័យ រហូតបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៥នាក់តែម្ដង ដោយក្នុងប្រតិបត្តិការនោះដែរ ដកហូតបានកុំព្យូទ័រដៃចំនួន១គ្រឿង ពណ៌ខ្មៅ ម៉ាកឌែល រួមជាមួយលុយខ្មែរ ចំនួន៧០០០០រៀល។
លោកអធិការនគរបាលខណ្ឌឬស្សីកែវរូបនេះ បានបន្ថែមថា ក្រោយបង្ក្រាបក្រុមជនសង្ស័យ ក្នុងអំពើលួចផ្សំគំនិត និងទទួលផលចោរកម្មទាំង៥នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ត្រូវបាននាំមកឃុំខ្លួនសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕