News Update: ករណីពុលស្រាស នៅខេត្តក្រចេះ ស្លាប់៣នាក់ ខណៈអ្នករងគ្រោះបញ្ជូនទៅមន្ទីរពេទ្យកើនដល់ ៤១នាក់ហើយ (Video inside)
19-10-2018 08:13
(ក្រចេះ)៖ រហូតដល់ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ករណីសង្ស័យពុលស្រាស នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បានបណ្តាលឱ្យមនុស្សស្លាប់៣នាក់ ហើយចំនួនអ្នករងគ្រោះដែលបញ្ជូនទៅមន្ទីរពេទ្យស្រុក និងពេទ្យខេត្ត បានកើនដល់ ៤១នាក់ហើយ។ នេះបើតាមការអះអាងរបស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដែលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកនេះ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ការពុលនេះកើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ បានច្រូតស្រូវរួច ហើយបាននាំគ្នាផឹកស្រាសកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថបដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។
សម្រាប់ករណីស្លាប់ និងពុលអ្នកភូមិដែលអាជ្ញាធរសង្ស័យថា ពុលស្រាសនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែងនៅក្នុងភូមិនោះដើម្បីសាកសួរ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ក៏បានបញ្ជាក់ផងដែរថា ក្រោយកើតហេតុភ្លាមៗ និងក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងនគរបាលជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕