(ប្រ៊ុយសែល, ប៊ែលហ្ស៊ិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ហ្វែដឺរីកា មូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ បានសន្យាថា នឹងប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរថែមទៀត។

ការសន្យាបែបនេះបានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រី ហ្វែដឺរីកា មូហ្គេរីនី នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨​ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ទីដែលសម្តេចតេជោអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២។

ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពដែលកម្ពុជា និងសហភាពអឺរ៉ុប សម្រេចបានក្នុងរយៈពេលកន្លងមក បើទោះបីកើតមានបញ្ហាប្រឈមខ្លះក៏ដោយនោះ។

សម្តេចតេជោ និងលោក ហ្វែដឺរីកា មូហ្គេរីនី ក៏បានឯកភាពគ្នាជំរុញឲ្យក្រុមការងារនៃភាគីទាំងពីរបន្តធ្វើការជាមួយគ្នាក្នុងលក្ខណៈជាដៃគូ នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តនាពេលកន្លងមក៕