(ក្រចេះ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ៣នាក់បានស្លាប់ភ្លាមៗ និងជាង៣០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តជាបន្តបន្ទាប់ នាព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយពីពួកគាត់ទទួលទានស្រាសដែលបិទនៅក្នុងភូមិ។ ករណីនេះបានកើតឡើងនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ការពុលនេះកើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ បានច្រូតស្រូវរួច កាលពីរសៀលថ្ងៃទី១៨ ខែតុលា ហើយបាននាំគ្នាផឹកស្រាស។ ក្នុងចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថបដង្ហើមនិងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។
សម្រាប់ហេតុការណ៍ការស្លាប់របស់អ្នកភូមិដែលអាជ្ញាធរសង្ស័យថា ពុលស្រាសនេះ អាជ្ញាធរបានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែងនៅក្នុងភូមិនោះដើម្បីសាកសួរ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ដឹកជញ្ជូនជនរងគ្រោះជាង៣០នាក់ ទៅមន្ទីរពេទ្យជាបន្តបន្ទាប់។ បើតាម លោក លន់ សុផាត, ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត៕