(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសនៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះថា បឹងព្រែកទប់កណ្តាលក្រុងព្រះសីហនុ ដែលធ្លាប់ប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទឹកសាបជូនប្រជាពលរដ្ឋនោះ នឹងត្រូវកែច្នៃជាកន្លែងទេសចរណ៍ លែងប្រើប្រាស់ជាប្រភពផ្គត់ផ្គង់ទឹកសាបទៀតហើយ។
ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មនានាជុំវិញការលុបបឹងមួយនេះ ក៏ដូចជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាត់ផ្ទៃដីជាង ១១ហិកតាចេញពីតំបន់អភិរក្សបឹងព្រែកទប់។
រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ថ្មីៗនេះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជន កាត់ផ្ទៃបឹងមួយចំណែកសម្រាប់ធ្វើការអភិវឌ្ឍន៍ និងមួយភាគធំទៀតកែលម្អរឲ្យទៅជាសួនរមនីយដ្ឋានទេសចរណ៍។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ដែរថា នៅក្នុងគម្រោងដែលបានគ្រោងទុក គឺមានសាងសង់នូវផ្លូវកាត់បឹងព្រែកទប់ ដើម្បីបញ្ជៀសចរាចរ ព្រមទាំងមានការរៀបចំតុបតែងលម្អដោយភ្លើងពណ៌ផងដែរ។ ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ព្រមទាំងឲ្យក្លាយទៅជារមនីយដ្ឋានទេសចរណ៍កម្សាន្ត ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រភពទឹកស្អាតដែលត្រូវផ្គត់ឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ នឹងត្រូវយកចេញពីអាងស្តុកទឹកតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានវិសាលភាពផ្គត់ផ្គង់លើការប្រើប្រាស់គ្មានការព្រួយបារម្មណ៍ ជំនួសបឹងព្រែកទប់ ដែលពីមួយឆ្នាំទៅមួយឆ្នាំបានការគោករាក់ និងបាត់បង់គុណភាព៕