(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក នឹងរៀបចំកម្មវិធី «ក្ដីសុបិន» ដើម្បីបណ្ដុះឆន្ទៈសេចក្ដីប្រាថ្នា សីលធម៌ សេចក្ដីថ្លៃថ្នូរ និងក្ដីសង្ឃឹមសម្រាប់កុមារ តាមរយៈការចូលរួមទស្សនាស្វែងយល់អំពីពិព័រណ៌ការសិក្សា សិល្បៈ កីឡា តន្ដ្រី គំនូរ បច្ចេកវិទ្យា វិទ្យាសាស្ដ្រ ការថែរក្សាបរិស្ថាន និងការអប់រំផ្លូវការ ផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនា។
សេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ស.ស.យ.ក បានបញ្ជាក់ថា ពិធីនេះនឹងរៀបចំធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹកតទៅ នៅអគារខេមរានិ៍ ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
សេចក្ដីជូនដំណឹងក៏បានបញ្ជាក់ផងដែរថា ដើម្បីផ្ដល់ក្ដីស្រលាញ់ យកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កុមារកំព្រា ស.ស.យ.ក រាជធានីភ្នំពេញ នឹងចែកកាបូក និងសម្ភារសិក្សាចំនួន៦១៦ឈុត ជូនដល់កុមារកំព្រាចំនួន៦១៦នាក់ ដែលកំពុងរស់នៅមណ្ឌលចំនួន០៩ ក្នុងរាជធានីភ្នំពេញ៕