(ភ្នំពេញ)៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលបានចូលរួមមហាសន្តិបាតលើកទី១៣៩ របស់សហភាពអន្ដរសភា IPU បានសម្តែងការខកចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់ IPU ពាក់ព័ន្ធដំណើរការគោរពសិទ្ធិមនុស្ស ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងសំណុំរឿងរបស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាដើមនោះ។ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានចាត់ទុកសេចក្តីនេះថា មានភាពលំអៀងទៅរកអតីតតំណាងរាស្ត្រ ដែលត្រូវបានតុលាការកាត់ទោស ព្រោះទង្វើក្បត់ជាតិរបស់ពួកគេ។
ក្នុងសេចក្តីថ្លែងការណ៍ប្រតិកម្មក្រោយសេចក្តីសម្រេចរបស់ IPU ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ គណៈប្រតិភូរដ្ឋសភា បានគូសបញ្ជាក់ថា «យើងខ្ញុំមានការខកចិត្ត យ៉ាងខ្លាំង បើទោះបីជាគណៈប្រតិភូយើងខ្ញុំបានផ្តល់ជូននូវព័ត៌មានដែលអាចជឿទុកចិត្តបានដ៏ច្រើនសន្ធឹកសន្ធាប់ជាច្រើនលើកច្រើនសារ ក៏គណៈកម្មាធិការសិទ្ធិមនុស្ស សហភាពអន្តរសភា ហាក់ពុំបានធ្វើការគិតគូរពិចារណាឱ្យបានម៉ត់ចត់សោះទ្បើយ។ ផ្ទុយទៅវិញដោយផ្អែកលើប្រភពព័ត៌មាន ដែលមានលក្ខណៈនយោបាយពីភាគីម្ខាង គណៈកម្មាធិការបានលាបពណ៌ប្រទេសកម្ពុជាឱ្យខ្មៅងងឹតតាមរយៈការចេញនូវសេចក្តីសម្រេចដែលមានលក្ខណៈលម្អៀង ដោយការធ្វើព្រងើយកន្តើយចំពោះសេចក្តី ត្រូវការពិតប្រាកដជាមូលដ្ឋាន និងផ្លូវដ៏គ្រោះថ្នាក់ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជាដែលទទួលបានដោយការពុះពារយ៉ាងលំបាក»។
ក្នុងសេចក្តីថ្លែងការណ៍នេះ គណៈប្រតិភូកម្ពុជា បានគូសបញ្ជាក់ទៅ IPU ថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ចំនួនអ្នកចូលរួមបោះឆ្នោតដ៏ខ្ពស់រហូតដល់ ៨៣.០២ភាគរយ នៃចំនួនប្រជាជនចុះឈ្មោះបោះឆ្នោត បានទទួលការសាទរថា ជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ប្រទេសកម្ពុជា ដែលក្នុងនោះមានគណបក្សនយោបាយចំនួន២០ ដែលមាននិន្នាការនយោបាយផ្សេងៗគ្នា បានចូលរួមប្រកួតប្រជែង។
គណៈប្រតិភូរដ្ឋសភាបន្តបង្ហាញថា អ្នកសង្កេតការណ៍ជាតិចំនួន ៨០,០០០នាក់ អ្នកសង្កេតការណ៍អន្តរជាតិប្រហែល ៥០០នាក់ និងភ្នាក់ងារមកពីគណបក្សនយោបាយនានាចំនួន ៩០.០០០ នាក់ បានបញ្ជាក់ថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព។ ដំណើរការបោះឆ្នោតត្រូវបានរៀបចំដោយមានសណ្តាប់ធ្នាប់ និងសន្តិសុខដ៏ល្អប្រសើរជាងពេលណាណាទាំងអស់ ដោយពុំមានការគំរាមកំហែង ការបង្ករបួសស្នាម អំពើហឹង្សា ឬការបំភិតបំភ័យណាមួយទ្បើយ ដែលនេះសបញ្ជាក់ឱ្យឃើញ ច្បាស់ថា លទ្ធិប្រជាធិបតេយ្យបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា។
គណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានសម្តែងការសោកស្តាយចំពោះគណៈកម្មាធិការសិទ្ធិមនុស្ស IPU ផងដែរ ដែលមើលមិនឃើញបរិយាកាសសិទ្ធិមនុស្សនៅកម្ពុជាក្នុងពេល បោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ហើយមើលរំលងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សយនយោបាយចំនួន២០ផ្សេងទទៀត ព្រមទាំងចំណេះដឹងផ្នែកសិទ្ធិមនុស្សប្រកបដោយ ភាពចាស់ទុំរបស់ប្រជាជនកម្ពុជា ហើយផ្អែកតែលើអវត្តមានរបស់អតីតគណបក្សនយោបាយមួយទៅវិញ។
នៅក្នុងសេចក្តីសម្រេចរបស់គណៈកម្មសិទ្ធិមនុស្សរបស់ IPU បានទាមទារឲ្យមានការចរចាផ្នែកនយោបាយឡើងវិញ ដើម្បីស្តារមកវិញនូវស្ថានការណ៍គោរពសិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យ។ គណៈកម្មាធិការសិទ្ធិមនុស្ស IPU ក៏បានទាមទារឲ្យមានការផ្តល់សិទ្ធិធ្វើនយោបាយរបស់អតីតតំណាងរាស្ត្រគណបក្សប្រឆាំងឡើងវិញផងដែរ។
សូមបញ្ជាក់ថា ក្រៅពីការលើកឡើងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាហើយនោះ គណៈកម្មាធិការសិទ្ធិមនុស្សរបស់ IPU ក៏បានលើកឡើងពីការអនុវត្តន៍បញ្ហាសិទ្ធិនៅបណ្តាប្រទេសមួយចំនួនទៀតផងដែរ មានដូចជាប្រទេស ម៉ាឡេស៊ី ហ្វីលីពីន អ៉ីស្រាអែល ប៉ាឡេស្ទីន កុងហ្កោ តួកគី ម៉ាល់ឌីវ អាហ្វហ្គានីស្ថាន វេណេហ្សូអេឡា អ៊ូហ្កង់ដា សេណេហ្គាល់ និងម៉ូរីតានៀ៕