(កំពង់ចាម)៖ ដោយសារតែមានប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ លើកឡើងពីការបាក់ច្រាំងទន្លេបណ្តាលមកពីការបូមខ្សាច់ ទើបនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញមកពីក្រសួងរ៉ែ និងថាមពល ដើម្បីជួបជុំប្រជាពលរដ្ឋធ្វើវេទិការសាធារណៈរយៈពេលមួយថ្ងៃពេញ នៅឃុំចំនួន៤ ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីជជែកគ្នាឱ្យបានយល់ច្បាស់ និងទទួលយកបានទាំងអស់គ្នា។
បើតាមអភិបាលខេត្តកំពង់ចាម ពិតណាស់ហើយថា ការបាក់ច្រាំងទន្លេតែងតែកើតមានជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៧ កន្លងទៅ មានការបាក់ច្រាំងទន្លេប្រវែងជាង ៥,០០០ម៉ែត្រ ជម្រៅពី២-១០ម៉ែត្រ ហើយក្នុងនោះស្រុកកងមាស បាក់ច្រាំងអស់ប្រវែងជាង ៣,០០០ម៉ែត្រ។
ដោយឡែកនៅក្នុងឆ្នាំ២០១៨នេះ ក៏នៅបន្តបាក់ច្រាំងទន្លេទៀតសរុបទូទាំងខេត្តកំពង់ចាម បាក់ច្រាំងប្រវែង ១១,៩៥៧ម៉ែត្រ ប៉ុន្តែស្រុកកងមាសបាក់អស់ ២,២០០ម៉ែត្រ ក្នុងជម្រៅពី៥-២០ម៉ែត្រ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តបានចុះពិនិត្យអំពីស្ថានភាពលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងបានចុះជួយរុះរើលំនៅដ្ឋានរបស់ពួកគាត់ កំពុងរងគ្រោះដោយការបាក់ច្រាំងនោះផងដែរ។
លោកអភិបាលខេត្តបានលើកឡើងថា បើពិនិត្យតាមរបាយការណ៍របស់ខេត្តកំពង់ចាមតាំងពីដើមមក គឺតែងតែមានការបាក់ច្រាំង បើមិនខាងនេះ គឺខាងនោះ ជារៀងរាល់ឆ្នាំ ប៉ុន្តែបន្តបន្ទាប់ទៅនេះ ករណីបាក់ច្រាំងតែងតែបានលើកជាកង្វល់ពីប្រជាពលរដ្ឋ ដែលព្រួយបារម្មណ៍ថាមកពីការបូមខ្សាច់ បើទោះជាបានដឹងថាប្រសិនបើមានការបូមខ្សាច់ ឬមិនមានការបូមខ្សាច់ក៏ដោយ ក៏ច្រាំងទន្លេនៅតែបាក់រៀងរាល់ឆ្នាំដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការបាក់ច្រាំងទន្លេ វាអាស្រ័យលើចរន្តទឹកហូរ ដោយសារដងទន្លេមានការកោងចុះកោងឡើង ដូច្នេះបើទឹកហូរបុកទៅជ្រុងណាខ្លាំង វាត្រូវបាក់ជ្រុងនោះ ដូច្នេះប្រជាពលរដ្ឋអាចនិយាយបានថា នេះជាដំណើរធម្មជាតិ និងជាគ្រោះធម្មជាតិ។
ចំពោះបញ្ហាខាងលើនេះ លោកអភិបាលខេត្ត បានឱ្យដឹងដែរថា ទាក់ទងទៅ និងវិធានការទប់ស្កាត់របស់មន្ត្រីជំនាញនាពេលនេះ យើងមិនអាចបញ្ឈប់ការបាក់ច្រាំងទន្លេនេះបានទេ គ្រាន់តែអាចសម្រួលផ្លូវទឹកហូរ ដែលអាចកាត់បន្ថយនូវការបាក់ច្រាំង ឬន្លេនោះបានមួយចំណែកប៉ុណ្ណោះ ហើយជាដំណោះស្រាយរបស់អាជ្ញាធរខេត្តកំពង់ចាម កន្លងមកនេះ បានចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងគ្រោះបាក់ច្រាំង ដើម្បីរៀបចំឱ្យពួកគាត់បានប្តូរទីកន្លែងថ្មីរស់នៅ និងបញ្ជៀសការរងគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ ពីការបាក់ច្រាំងទន្លេនេះផងដែរ។
ដោយឡែក ក្នុងថ្ងៃនេះដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល យើងបានជួបជុំគ្នា ជជែកគ្នា ពន្យល់គ្នា ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ និងអាចទទួលយកបានទាំងអស់គ្នា ដែលក្នុងនេះយើងមានទាំងមន្ត្រីជំនាញមកពីក្រសួងរ៉ែ និងថាមពល ចុះមកពន្យល់អំពីបច្ចេកទេសឱ្យប្រជាពលរដ្ឋបានយល់ដឹង និងសុខចិត្តទាំងអស់គ្នា។
សូមបញ្ជាក់ដែរថា នៅក្នុងដំណើរការវេទិការសាធារណៈនោះ ត្រូវបានដោះស្រាយបញ្ចប់ដោយរលូនដោយប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្មបូមខ្សាច់អាចទទួលយកបានទាំងអស់គ្នា៕