(ភ្នំពេញ)៖ គណៈកម្មការទី៨ នៃរដ្ឋសភា បានស្នើសុំលោករដ្ឋមន្ត្រី អ៉ិត សំហេង ចាត់មន្ត្រីទំនាក់ទំនង និងធ្វើការជាមួយគ្នាឱ្យបានជិតស្និទ្ធ ក្នុងការអនុវត្តការងារជាមួយគណៈកម្មការ ដើម្បីជួយបំពេញឱ្យគ្នាទៅវិញទៅមក។
គោលបំណងរបស់គណៈកម្មការទី៨ នៃរដ្ឋសភាខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងទស្សនកិច្ចស្វែងយល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាន ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងការងារ។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ពិតជាទទួលបានវឌ្ឍនភាពយ៉ាងខ្លាំងក្លា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបានសមិទ្ធផលយ៉ាងច្រើន។
លោករដ្ឋមន្ត្រីបានជម្រាបជូនគណៈកម្មការទី៨ អំពីវឌ្ឍនភាពថ្មីៗដែលក្រសួងបានសម្រេចកន្លងមក ដូចជា ការកំណែទម្រង់ប្រព័ន្ធអធិការកិច្ចការងារ ក្រសួងបានកែសម្រួលបញ្ជីត្រួតពិនិត្យសម្រាប់ចុះធ្វើអធិការកិច្ចការងារ (Checklist) និងការតាក់តែងសៀវភៅណែនាំ (Guideline) សម្រាប់អធិការការងារចុះធ្វើអធិការកិច្ច តាមរយៈប្រព័ន្ធអធិការកិច្ចការងារតែមួយ ដោយបានសិក្សាប្រៀបធៀប និងបញ្ចូលការអនុវត្តល្អរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅម្ពុជា (BFC) សំដៅពង្រឹងគុណភាពអធិការកិច្ចការងាររបស់អធិការការងារ ក៏ដូចជាពង្រឹងនូវការគោរពលក្ខខណ្ឌការងារ ស្របទៅនឹងបទប្បញ្ញត្តិច្បាប់ជាធរមាន។
ក្រៅពីការបង្កើតការងារ និងការបង្កើនផលិតភាពការងាររបស់កម្មករនិយោជិត រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការក៏បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា លើការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងាររបស់កម្មករនិយោជិត និងការពង្រីករបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារផងដែរ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ទាំងនេះគឺជាសមិទ្ធផលដ៏ជោគជ័យនៅក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាល ស្របពេលដែលបញ្ហាប្រឈមមួយចំនួន នៅតែត្រូវបានបន្តការយកចិត្តទុកដាក់ដោះស្រាយនៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល តាមរយៈការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ក្នុងនាមប្រធានគណៈកម្មការទី៨ នៅក្នុងអាណត្តិថ្មីនេះ លោកស្រី ឡោក ខេង រួមជាមួយសមាជិក-សមាជិការនៃគណៈកម្មការ នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងឱ្យបានរឹងមាំ ដោយរួមគ្នាគិត អនុវត្ត និងទទួលខុសត្រូវចំពោះយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។
លោកស្រីក៏បានស្នើសុំលោករដ្ឋមន្ត្រី អ៉ិត សំហេង ចាត់មន្ត្រីទំនាក់ទំនងដើម្បីធ្វើការជាមួយគ្នាឱ្យបានជិតស្និទ្ធ ក្នុងការអនុវត្តការងារជាមួយគណៈកម្មការ ដើម្បីជួយបំពេញឱ្យគ្នាទៅវិញទៅមក។
លោកស្រីប្រធានបានបន្តថា គណៈកម្មការទី៨ ចង់ស្វែងយល់បន្ថែមពីរចនាសម្ព័ន្ធដឹកនាំ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្តកន្លងមក ថាតើមានវឌ្ឍនភាព បញ្ហាប្រឈម និងមានទិសដៅទៅថ្ងៃអនាគតយ៉ាងដូម្តេច ដើម្បីឱ្យគណៈកម្មការ យកទៅកែច្នៃធ្វើជាយុទ្ធសាស្ត្រ បំពេញនូវអ្វីដែលបានសហការជាមួយគ្នាឲ្យមានភាពកាន់តែប្រសើរ។ នៅពេលគណៈកម្មការ បានរៀបចំនូវផែនការយុទ្ធសាស្ត្រហើយ នឹងសុំកិច្ចសហប្រតិបត្តិការពីក្រសួង ដើម្បីយើងចុះទៅអនុវត្តនូវផែនការទំាងអស់នេះរួមគ្នា ដោយគណៈកម្មការគ្រោងនឹងចុះទៅតាមបណ្តារោងចក្រ សហគ្រាស ពិនិត្យមើលលក្ខខណ្ឌការងារ បច្ចេកទេស បរិស្ថានជាដើម។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានទទួលយកនូវសំណើទាំងនេះ ពីលោកស្រីប្រធានគណៈកម្មការ ហើយរដ្ឋមន្ត្រីនឹងសហការីពេញចិត្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទី៨ ឱ្យទទួលបានជោគជ័យបន្តទៅទៀត៕