តំណាងរដ្ឋមន្ដ្រី ថោង ខុន៖ ការទប់ស្កាត់អំពើហិង្សាលើស្ដ្រី មិនមែនជាសមត្ថកិច្ចរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ គឺជាការចាំបាច់ទាំងអស់គ្នា
18-10-2018 17:17
(ឧត្តរមានជ័យ)៖ តំណាងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយការយល់ដឹងស្តីពីការបញ្ជ្រាបយេនឌ័រ អនុសញ្ញាស្តីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ (CEDAW) ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី ក្នុងវិស័យទេសចរណ៍ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ហ៊ុន ដានី បានកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ មានយុវជនផងដែរ ដែលបានចូលរួមនៅក្នុងសកម្មភាពទេសចរណ៍ ពិសេសបានចូលរួមនៅក្នុងវគ្គនេះ ដែលជាការផ្តល់កិត្តិយស និងលើកកម្ពស់ការយល់ដឹងស្តីពីសិទ្ធិ តួនាទី តម្លៃស្រី្ត នៅក្នុងវិស័យទេសចរណ៍។
រដ្ឋលេខាធិការរូបនេះ បានលើកឡើងថា ដើម្បីសម្រេចបាននូវគោលដៅនេះ ទាល់តែមានការចូលរួម មិនអាចបុគ្គលម្នាក់ ក្រសួងមួយ ឬស្ថាប័នម្មួយ ប្រព្រឹត្តកម្មតែឯងបានទេ ព្រោះការចូលរួមទាំងអស់គ្នា គឺចាំបាច់បំផុតដល់ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ការរំលោភបំពាន ការកេងប្រវ័ញ្ច ឬការបន្ទាបបន្ថោក ការជួញដូរគ្រឿងញៀនជាដើម។
លោកស្រីបន្ថែមថា ទោះយ៉ាងណាក៏ដោយស្ត្រីដែលបម្រើការនៅក្នុងវិស័យទេសចរណ៍ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាកម្សាន្ត ម៉ាស្សា ជាដើម ត្រូវចេះផ្តល់តម្លៃឲ្យខ្លួនឯងមុន នឹងអ្នកដទៃផ្តល់ឲ្យ។
បន្ថែមពីនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យចូលរួមក្នុងយុទ្ធនាការភោជនីយដ្ឋានស្អាត ជាភោជនីយដ្ឋានគ្មានសំរាម ជាក្រដាសនៅក្រោមតុ និងយុទ្ធនាការកម្ពុជាស្អាត «Cambodia Clean Up» សំដៅបង្កើនភាពបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកកម្សាន្តនៅកម្ពុជា ឲ្យបានកាន់តែច្រើនឡើង៕