Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរមីននាំគណៈប្រតិភូម្ចាស់ជំនួយ «គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល» ធ្វើទស្សនកិច្ចប្រតិបត្តិការបោសសម្អាតមីន របស់ស៊ីម៉ាក់ នៅខេត្តបាត់ដំបង !

18-10-2018 17:57

(បាត់ដំបង)៖ នៅថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូម្ចាស់ជំនួយ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល រួមមាន UNDP អូស្ត្រាលី ស្វីស កាណាដា និងតំណាងស្ថានទូត ហូឡង់ សហរដ្ឋមេរិក ជប៉ុន ចុះទស្សនកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ស៊ីម៉ាក់ ស្ថិតនៅភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងបានបន្តទៅពិនិត្យការប្រើប្រាស់ដីបោសសម្អាតមីនរួច ស្ថិតនៅភូមិព្រៃបាន ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដល់ប្រតិបត្តិករស៊ីម៉ាក់ និងបានថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយទាំងអស់ និងបានស្នើសុំឲ្យមានការបន្ត ជួយដើម្បីអាចឲ្យដំណើការ នៃការអនុវត្តន៍យុទ្ធសាស្រ្ត ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន ឆ្នាំ២០២៥ ទទួលបានជោគជ័យដូចការរំពឹងទុក។

ជាមួយគ្នានោះ អាជ្ញាធរមីនសហការជាមួយអង្គការ UNDP បានរៀបចំកិច្ចប្រជុំស្តីពី គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលសម្រាប់ដំណាក់កាលទី៤ ដោយមានការចូលរួមពីតំណាងម្ចាស់ជំនួយ ប្រទេសអូស្ត្រាលី ស្វីស កាណាដា និងហូឡង់។ កិច្ចប្រជុំបានផ្តោតទៅលើលទ្ធផលសម្រេច បានលើវិស័យសកម្មភាពមីន បញ្ហាប្រឈមការរៀបចំយុទ្ធសាស្រ្ត និងវិភាគទានសម្រាប់ការអភិវឌ្ឍជាតិ ជាពិសេសដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកំពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។ល។ កិច្ចប្រជុំបានទទួលលទ្ធផលជាផ្លែផ្កា៕