(ប្រ៊ុចហ្សែល-ប៊ែលហ្សិក)៖ តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សហភាពអឺរ៉ុប ប្រចាំអាស៊ីអាគ្នេយ៍ បានថ្លែងថា ប្រសិនបើមានការដកពន្ធអនុគ្រោះ EBA ពីកម្ពុជាមែននោះ ក្រុមហ៊ុនអឺរ៉ុបប្រមាណ៤០០ក្រុមហ៊ុនចាត់ទុកថា គណៈកម្មការអឺរ៉ុប អនុវត្ត EBA នេះជាឧបករណ៍នយោបាយបរទេស របស់ខ្លួនសម្រាប់កម្ពុជា។
ការថ្លែងបែបនេះរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សហភាពអឺរ៉ុប ប្រចាំនៅអាស៊ីអាគ្នេយ៍ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប្រ៊ុចហ្សែល ប្រទេសប៊ែលហ្សិក។
តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សហភាពអឺរ៉ុប ប្រចាំអាស៊ីអាគ្នេយ៍ បានអះអាងថា ក្នុងនាមក្រុមហ៊ុនអឺរ៉ុបទាំងអស់ប្រមាណ៤០០ក្រុមហ៊ុន បានចាត់ទុកថា ប្រសិនមានការដកពន្ធអនុគ្រោះ EBA មែននោះ វានឹងធ្វើឲ្យបះពាល់ដល់បណ្តាក្រុមហ៊ុនធុរកិច្ចមកពី EU តាមរយៈនេះតំណាងធុរកិច្ចទាំងអស់របស់ EU នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមប្រឹក្សាអឺរ៉ុប ដើម្បីបញ្ជាក់ថា ប្រសិនជាមានការអនុវត្តជាក់ស្តែងមែននោះ នឹងធ្វើឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់ក្រុមហ៊ុន EU ជាច្រើន និងអាចចាត់ទុកថា គណៈកម្មការអឺរ៉ុប អនុវត្ត EBA ជាឧបករណ៍នយោបាយបរទេស របស់ខ្លួនសម្រាប់កម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការពិភាក្សារវាងអាស៊ាន និងសហភាពអឺរ៉ុប និងជាមួយកម្ពុជា មិនមែនត្រឹមតែការពិភាក្សាលើបញ្ហានយោបាយនោះទេ គឺបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។
សម្តេចតេជោ ហ៊ុន សែន បន្តថាកន្លងមកមានប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប ដែលបានធ្វើការគំរាមដល់កម្ពុជា និងសហភាពមីយ៉ាន់ម៉ា ក្នុងការដកនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ខណៈដែលកន្លងមក EU បានជួយដល់កម្ពុជាលើគ្រប់វិស័យទាំងអស់ ប្រសិនជា EU សម្រេចដកនូវ EBA គឺហាក់បីដូចជា EU បោះបង់ចោលនូវអ្វីដែលខ្លួនបានធ្វើកាល ពីពេលកន្លងមក។
សូមជម្រាបថា ទាក់ទិនបញ្ហានេះសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក៏បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុក ពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជា។
លិខិតរួមរបស់ស្ថាប័នធុរកិច្ចអន្តរជាតិ តំណាងក្រុមហ៊ុនចំនួន៣៣៥ ដែលមាននិយោជិតជាង៥ម៉ឺននាក់ បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរ អំពីដំណើរការឆ្ពោះទៅរកការដកហូត ភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប «អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ» (EBAs) ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាកដែលការដកហូតនេះ អាចបង្កឲ្យមានផលប៉ះពាល់ដល់ប្រយោជន៍ ផ្នែកពាណិជ្ជកម្មយូរអង្វែង របស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា៕