ស្នងការខេត្តកំពង់ចាម ចាត់ក្រុមការងារចុះពិនិត្យការសាងសង់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលចំនួន២កន្លែង នៅស្រុកស្រីសន្ធរ
18-10-2018 17:19
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់បេសកកម្មនៅស្រុកកងមាស រួចមកលោកឧត្តមសេនីយ៍ត្រី ជា ជាង ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកអធិការនគរបាលស្រុកស្រីសន្ធរ បានមកពិនិត្យការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន០២។
ប៉ុស្ដិ៍នគរបាលរដ្ឋបាលចំនួន២នោះរួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកពោធិ៍ ស្ថិតនៅភូមិទួលរីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ អគារនេះមានបណ្ដោយ ៩,៤ម៉ែត្រ និងទទឹង៧,២ម៉ែត្រ ធ្វើអំពីឥដ្ឋ សង្កសី ជាអំណោយរបស់សប្បុរសជន ដែលបានសាងសង់ប្រហែល៨៥ភាគរយ។
ដោយឡែក ប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលអគានេះជាគម្រោងរបស់ក្រសួងមហាផ្ទៃ ដែលមាននាយកដ្ឋានស្ថាបនា នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ដែលបានសាងសងរួចរាល់១០០ភាគរយ។
សម្រាប់ការងារដែលនៅសេសសល់ លោកឧត្តមសេនីយ៍ត្រី ជា ជាង បានណែនាំដល់ក្រុមជាងទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត ដោយការទទួលខុសត្រូវខ្ពស់ ជៀសវាងមានបញ្ហាចន្លះប្រហោងកើតឡើងជាយថាហេតុ៕