(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ នាទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប ប្រចាំអាស៊ីអាគ្នេយ៍ បានអះអាងថា កម្ពុជាជាប្រទេសដែលមានស្ថានភាពអំណោយផលក្នុងការវិនិយោគ ជាងប្រទេសដទៃទៀតក្នុងចំណោមប្រទេសអាស៊ាន។
តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប បានគូសបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា គណៈប្រតិភូរបស់លោកបានធ្វើសន្ទស្ស៍រួចមកហើយថា ក្រុមធុរកិច្ចរបស់ខ្លួននឹងបន្តបណ្តាក់ទុន និងវិនិយោគ ក្នុងប្រទេសកម្ពុជាជាបន្តទៅទៀត ពោលគឺកម្ពុជាជាប្រទេសមួយមានស្ថានភាពអំណោយផលជាងប្រទេសអាស៊ានដទៃទៀត ក្នុងតំបន់ ដែលមានការគាំទ្រលើសពី៥០% ដែលអាចធ្វើពាណិជ្ជកម្មជាមួយបាន។
តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប បានសង្កត់ធ្ងន់ថា ក្នុងនាមក្រុមហ៊ុនអឺរ៉ុបទាំងអស់ប្រមាណ៤០០ក្រុមហ៊ុន បានចាត់ទុកថា ប្រសិនជាមានការដកពន្ធអនុគ្រោះ EBA មែននោះ នឹងធ្វើឲ្យបះពាល់ដល់បណ្តាក្រុមហ៊ុនធុរកិច្ចមកពី EU តាមរយៈនេះតំណាងធុរកិច្ចទាំងអស់របស់ EU នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមប្រឹក្សាអឺរ៉ុប ដើម្បីបញ្ជាក់ថា ប្រសិនជាមានការអនុវត្តជាក់ស្តែងមែននោះ នឹងធ្វើឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់ក្រុមហ៊ុន EU ជាច្រើន និងអាចចាត់ទុកថា គណៈកម្មការអឺរ៉ុប អនុវត្ត EBA ជាឧបករណ៍នយោបាយបរទេសរបស់ខ្លួនសម្រាប់កម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះការលើកឡើងពីក្រុមប្រឹក្សាធុរកិច្ចអាស៊ានអឺរ៉ុប ហើយសម្ដេចបញ្ជាក់ថា ប្រសិនជាមានការអនុវត្តជាក់ស្តែងនោះ ការនាំចេញនឹងនៅតែបន្តតែគ្រាន់តែមានការកើនឡើងនៃផ្នែកពន្ធ ហើយកម្ពុជា នឹងមិនមានវិធានការណាមួយ ដែលត្រូវដាក់ទៅលើបណ្តាក្រុមហ៊ុនអឺរ៉ុបនោះដែរ ពោលគឺកម្ពុជាចង់ប្រាប់ពីការពិតដល់សហភាពអឺរ៉ុបតែប៉ុណ្ណោះ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អឺរ៉ុប ដែលបានចេញសេចក្តីថ្លែងការណ៍ ពីសភាពការណ៍ពិតរបស់កម្ពុជា និងបានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន អឺរ៉ុប គឺជាសេចក្តីថ្លែងការណ៍មានលក្ខណៈត្រឹមត្រូវ ពោលក្រុមប្រឹក្សាអឺរ៉ុប ត្រូវតែស្តាប់នូវសំឡេងពីក្រុមធុរកិច្ច និងក្រុមសង្គមស៊ីវិលជាដើម៕