(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ មេភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែ ប្រវែងសរុប ៨៨៩ម៉ែត្រ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ និងសង្កាត់ប្រទះឡាង។
ផ្លូវបេតុងដែលត្រូវស្ថាបនាក្នុងសង្កាត់ទាំង០២ រួមមាន៖ ខ្សែទី១ ប្រវែង៣៦០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ និងខ្សែទី២ ប្រវែង៥២៩ម៉ែត្រ ទទឹង៣ម៉ែត្រ ស្ថិតក្នុងភូមិគោកមាស សង្កាត់ប្រទះឡាង។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការលើកឡើង អំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានគិតគូរអំពីការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក នុត ពុធដារ៉ា បានធ្វើការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងសង្កាត់ក្រាំងពង្រ និងសង្កាត់ប្រទះឡាង ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ការអភិវឌ្ឍ និងសុខសន្តិភាព។
លោកក៏បានណែនាំ ដល់ក្រុមហ៊ុនសូមយកចិត្តទុកដាក់អនុវត្តគម្រោងរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ជាមួយគ្នាក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ និងលូ ដើម្បីឲ្យផ្លូវ លូនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង៕