(ភ្នំពេញ)៖ លោក Jean-Gaetan GUILLEMAUD ប្រធានគណៈកម្មាធិការសុខុមាលភាព នៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុន Zuelling Pharma ប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បានថ្លែងដោយក្តីព្រួយបារម្ភថា ប្រជាជនកម្ពុជាមានជាង១៦លាននាក់ គឺអ្នកស្លាប់ដោយសារប្រើប្រាស់ឱសថក្លែងក្លាយ មានចំនួនដល់ទៅ៥ដង បើប្រៀបធៀបទៅនឹងអ្នកស្លាប់ ដោយសារតែការប្រើប្រាស់គ្រឿងញៀនហួសកម្រិតទៅទៀត។
ប្រធានគណៈកម្មាធិការសុខុមាលភាព នៃសភាពាណិជ្ជកម្មអឺរ៉ុប បានថ្លែងយ៉ាងដូចនេះ ក្នុងកិច្ចពិភាក្សាសារព័ត៌មាន ស្តីពី «ធុរកិច្ច និងការទទួលខុសត្រូវផ្នែកសង្គម» នៅភោជនីយដ្ឋានទន្លេបាសាក់២។ នៅក្នុងពិធីនោះដែរ ក៏មានការចូលរួមពីលោកស្រី Cecile GA អនុប្រធានគណៈកម្មាធិការសុខុមាលភាព នៃសភាពាណិជ្ជកម្មអឺរ៉ុប លោក ឆាយ សុផល នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា រួមទាំងមានអ្នកសារព័ត៌មានចូលរួមយ៉ាងច្រើនផងដែរ។
លោក Jean-Gaetan GUILLEMAUD បានថ្លែងថា គណៈកម្មាធិការគ្រប់គ្រងទំនិញក្លែងក្លាយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបសក្រសួងមហាផ្ទៃ ជាគណៈកម្មាធិការមួយដែលមានប្រសិទ្ធភាពបំផុត ក្នុងការប្រយុទ្ធប្រឆាំងទំនិញក្លែងក្លាយ ហើយយើងក៏ឃើញដែរថា មានឱសថក្លែងក្លាយមួយចំនួន ត្រូវបានកំទេចចោល ដែលបាននាំចូលតាមរយៈកប៉ាល់ និងផ្លូវគោកផងដែរ ហើយក៏មានអ្នកចែកចាយ មួយចំនួនត្រូវបានចាប់ខ្លួនផងដែរ។ ដូចនេះហើយ គឺបានបញ្ជាក់ឱ្យឃើញថា កម្ពុជាគឺមាននិន្នាការមាំទាំ និងមានសមត្ថភាពជាងមុន ក្នុងការប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយនេះ ដែលនេះគឺបានបង្ហាញវិជ្ជមានយ៉ាងល្អបំផុតសម្រាប់កម្ពុជា។
លោកក៏បានថ្លែងបន្តទៀតថា បើយោងតាមតួលេខរបស់អ៊ីនធើប៉ូល ខាងផ្នែកការសេវាព្រហ្មទណ្ឌ បានឱ្យដឹងថា មានមនុស្សជាង១លាននាក់ក្នុងមួយឆ្នាំ ដែលបានស្លាប់ដោយសារការប្រើប្រាស់ ឧសថក្លែងក្លាយ ហើយបើទាញតាមតួលេខរបស់អ៊ីនធើប៉ូល និយាយពីប្រជាជនកម្ពុជាដែលមានចំនួនជាង១៦លាននាក់នោះគឺមានន័យថា រៀងរាល់៤ម៉ោង គឺមានមនុស្សម្នាក់បានស្លាប់ ដោយសារប្រើប្រាស់ឱសថក្លែងក្លាយ ហើយវាមានចំនួនដល់ទៅ៥ដង បើប្រៀបធៀបទៅនឹងអ្នកស្លាប់ដោយសារតែការប្រើប្រាស់គ្រឿងញៀន ហួសកម្រិតទៅទៀត ដូចនេះវាគឺជាអទិភាពទី១ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនេះ។
លោកបានបញ្ជាក់ទៀតថា យើងក៏អាចធ្វើការកំណត់សំគាល់លើឱសថក្លែងក្លាយនោះបានផងដែរ ដោយយើងអាចមើលទៅលើចំណុចសំខាន់ៗ មួយចំនួនដូចជា៖
*ទី១៖ បើសិនជាយើងទិញថ្នាំពីហ្វាម៉ាស៊ី យើងត្រូវមើលថា តើផលិតផលនោះមានបិទតែមនាំចូលដែរឫទេ? ជាទូទៅគ្រប់ឱសថទាំងអស់តែងតែមាននៅលើប្រអប់
*ទី២៖ យើងត្រូវមើលថា តើមានកាលបរិច្ឆេតផុតកំណត់ត្រឹមត្រូវដែរឫទេ?
*ទី៣៖ នៅក្នុងប្រអប់ថ្នាំដែលមានការចុះបញ្ជី តែងតែមានកូនក្រដាសតូចមួយជាភាសាខ្មែរនៅក្នុងនឹង ដែលប្រាស់អំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំនោះ និងប្រាប់ពីអ្វីដែលអ្នកប្រើប្រាស់ថ្នាំនោះត្រូវតែមានការប្រុងប្រយ័ត្ន។
លោកក៏បានបញ្ជាក់ទៀតថា បើក្នុងករណីដែលពិនិត្យឃើញថា នៅតាមហ្វាម៉ាស៊ីណាមួយដែលពិនិត្យ ឃើញឧសថមានការបរិច្ឆេតហួលកាលកំណត់នោះ លោកមិនអាចចេញវិក័យបត្រ ឫលក់នោះទេ ហើយចំពោះការពិនិត្យនោះផងដែរគឺធ្វើរយៈពេល៩ខែមុនឯណោះ ដើម្បីរៀបចំធ្វើនិតិវិធីផ្តល់ទៅឱ្យក្រសួងសុខាភិបាល យកទៅដុតកម្ទេចចោល ដោយមានសាក្សីតំណាងក្រុមហ៊ុនផលិតឧសថ និងក្រុមហ៊ុននានា ដើម្បីពិនិត្យមើលដោយផ្ទាល់ទៅលើការបំផ្លាញទាំងស្រុង នូវឧសថហួលការបរិច្ឆេតកាលកំណត់នោះកុំឱ្យផលិតផលទាំងអស់នោះត្រូវបានគេយកទៅប្រើប្រាស់ នៅលើទីផ្សារម្តងទៀតផងដែរ៕